(អ៉ីតាលី)៖ ក្រុម Inter Milan បានបន្តបន្ថែមការនាំមុខដាច់ដល់ទៅ ១៤ពិន្ទុក្នុងតារាងលីគ Serie A ក្រោយពីវាយបកយកឈ្នះក្រុម Udinese ២-១ នៃសប្តាហ៍ទី៣១ ខិតកាន់តែជិតឈានទៅលើកពានលីគរដូវកាលនេះ ដ្បិតនៅសល់តែ ៧ប្រកួតទៀតត្រូវបញ្ចប់រដូវកាល។

២គ្រាប់របស់ក្រុមដឹកនាំដោយលោក Simone Inzaghi ធ្វើបានដោយកីឡាករ Calhanglu នៅនាទី៥៥ និងគ្រាប់ជ័យជម្នះរកបានដោយ Frattesi នៅនាទី៩០+៥ ក្រោយពេលការនាំមុខពីគូប្រជែងកីឡាករ Samardzic នៅនាទី៤០។ ហើយតាមរយៈបន្តជ័យជម្នះនេះ នាំឱ្យក្រុម Inter Milan បន្តក្តីសង្ឃឹមឈានទៅលើកពាន Serie A ជាលើកទី២០ បន្ទាប់ពីយកបានចុងក្រោយនៅរដូវកាល២០២០-២១។

ដូច្នេះការប្រកួតប្រជែងលីគអ៉ីតាលី Serie A រដូវកាលនេះនៅសល់តែ ៧ប្រកួតទៀតត្រូវបញ្ចប់ គ្រាដែលក្រុម Inter Milan កំពុងរកបាន ៨២ពិន្ទុនាំមុខកំពូលតារាង តាមក្រោយដោយក្រុម AC Milan រកបាន ៦៨ពិន្ទុ និងក្រុម Juventus ឈរលេខ៣ រកបាន ៦៣ពិន្ទុ ហើយក្រុម Bologna រកបាន ៥៨ពិន្ទុឈរលខ៤ បណ្តោះអាសន្ន។

បញ្ជាក់ផងថា រដូវកាលមុនក្រុម Inter Milan បញ្ចប់នៅលេខរៀងទី៣ ដោយមានក្រុម Napoli ជាម្ចាស់ជើងឯក ខណៈរដូវកាលនេះ Lautaro Martinez កំពុងស៊ុតបាន ២៣គ្រាប់ច្រើនជាងគេនៃតំណែងម្ចាស់ស្បែកជើងមាស៕