(បរទេស)៖ យោងតាមរបាយការណ៍ពី Blue Whale News (ប្រភព Weibo) បានឲ្យដឹងថាក្រុមហ៊ុន Huawei នឹងធ្វើសន្និសីទមួយ ឈ្មោះថា «HarmonyOS Spring Communication Conference» នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ ហើយក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាថ្ងៃប្រកាសបង្ហាញផលិតផលថ្មីៗ ដូចជារថយន្ត និងកុំព្យូទ័រផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញនូវរថយន្តម៉ូដែល Luxeed S7 ដែលនេះ គឺជាផលិតផលរថយន្តដំបូងបំផុតនៃកិច្ចសហការនៃក្រុមហ៊ុន Huawei និង Chery។ រថយន្តអគ្គិសនី Sedan ចំនួន២ ដែលមានការផ្លាស់ប្តូរទៅលើវិមាត្រ និងទម្ងន់ផងដែរ បើធៀបទៅនឹងម៉ូដែលដំបូង គឺមានភាពខុសគ្នា។ សម្រាប់ version ទាំងពីរនេះ គឺមានប្រភេទ ដែលមានអាគុយអគ្គិសនីទំហំ 150kW និងមួយទៀតមានទំហំ 215kW dual motor ដែលស្រដៀងគ្នាទៅនឹងរថយន្ត Luxeed S7 Max RS ផងដែរ។

បើតាមការបញ្ជាក់នៅក្នុងឯកសារថ្មីមួយ ក៏បានទម្លាយផងដែរថា ផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន Huawei នឹងបញ្ចេញនូវ version ថ្មីនៃកុំព្យូទ័រ MateBook X Pro។ ងាកមកស្មាតហ្វូន Huawei P70 ដែលជាម៉ូដែលប្រណិតវិញ គឺជារឿងគួរចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ក្រុមហ៊ុននេះ ត្បិតគេមិនទាន់មានការទម្លាយព័ត៌មានអំពីស្មាតហ្វូន Huawei P70 នោះទេ ដូច្នេះកំពុងតែមានភាពមិនច្បាស់លាស់ថាតើ នឹងចេញម៉ូដែល P70 នេះឬអត់?

ដូច្នេះដើម្បីដឹងកាន់តែច្បាស់ មានតែរងចាំទស្សនាព្រឹត្តិការណ៍នៅថ្ងៃទី១១ ខែមេសា ខាងមុខ។