(បរទេស)៖ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសពីការផ្តល់មូលនិធិថ្មី សម្រាប់ TSMC ក្រោមច្បាប់ CHIPS និង Science Act។ ដោយក្នុងនោះ TSMC ត្រូវបានកំណត់ថា នឹងទទួលបានមូលនិធិផ្ទាល់ចំនួន ៦.៦ពាន់លានដុល្លារ និងប្រាក់កម្ចីរហូតដល់ទៅ ៥ពាន់លានដុល្លារឯណោះ សម្រាប់ផលិតកម្មផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (semiconductor) របស់ខ្លួន នៅទីក្រុង Phoenix រដ្ឋ Arizona។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ក្រៅតែពីការផ្តល់ជូនមូលនិធិខាងលើ TSMC ក៏មានសិទ្ធិស្នើសុំឥណទានពន្ធលើការវិនិយោគ ដែលគ្របដណ្តប់រហូតដល់ ២៥ភាគរយនៃការចំណាយដើមទុនថែមទៀតផង។ ការផ្តល់មូលនិធិនេះ នឹងគាំទ្រដល់ការពង្រីករបស់ TSMC នៅក្នុងរដ្ឋ Arizona ដែលក្រុមហ៊ុនគ្រោងនឹងសាងសង់បន្ទះឈីបទី៣ នៅ Arizona complex របស់ខ្លួន ដើម្បីដោះស្រាយតម្រូវការអតិថិជន ដែលកំពុងកើនឡើងសម្រាប់បន្ទះឈីប 2nm ដែលត្រូវបានគេរំពឹងថានឹងចូលផលិតកម្មនៅចុងទសវត្សរ៍នេះ។

គួរជម្រាបដែរថា ការវិនិយោគរបស់ TSMC នៅក្នុងគ្រឿងបរិក្ខារនៅរដ្ឋ Arizona បច្ចុប្បន្ន មានលើសពី ៦៥ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុត ដែលជាគម្រោងមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត ក្រុមហ៊ុន TSMC គ្រោងនឹងចាប់ផ្តើមផលិតបន្ទះឈីប 4nm នៅក្នុងរដ្ឋ Arizona នៅឆ្នាំក្រោយ បន្ទាប់មកនិងបន្តដោយបន្ទះឈីប 3nm និង 2nm នៅឆ្នាំ ២០២៨៕