(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ប្រកាសផែនការសម្រាប់មជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្ត (AI) ថ្មីមួយ ក្នុងទីក្រុងឡុងដ៍ ដែលផ្តោតលើការអភិវឌ្ឍន៍ផលិតផល និងការស្រាវជ្រាវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

មជ្ឈមណ្ឌល AI ថ្មីនេះ នឹងដឹកនាំដោយ លោក Mustafa Suleyman ដែលជាសហស្ថាបនិកនៃ Google DeepMind មានដើមកំណើតនៅទីក្រុងឡុងដ៍ផ្តាល់តែម្តង ហើយរូបលោកត្រូវបាន Microsoft ជួលមកធ្វើការកាលពីខែមុន។

ក្នុងនាមជាអ្នកគាំទ្រចម្បងនៃកម្មវិធី ChatGPT-OpenAI ក្រុមហ៊ុន Microsoft ត្រូវបានគេដឹងថា ជាអ្នកនាំមុខគេលើពិភពលោក នៅក្នុងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ការប្រកួតប្រជែងក្នុងវិស័យ AI នេះ បាននឹងកំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុបក្នុងរយៈពេល ១៨ខែកន្លងមកនេះ។ ដូច្នេះការដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ AI នៅពេលនេះ គឺក្រុមហ៊ុន Microsoft ប្រហែលជា ស្វែងរកអ្នកជំនាញពីក្រុមហ៊ុនដទៃ ដើម្បីមកពង្រឹងនិងពង្រីកសម្ថតភាពរបស់ខ្លួនបន្ថែម។

កាលពីខែមុន Microsoft បានជួលសហស្ថាបនិកក្រុមហ៊ុន DeepMind លោក Suleyman ដើម្បីគ្រប់គ្រងផ្នែក Microsoft AI បន្ទាប់ពីលោក បានលាឈប់ពីក្រុមហ៊ុន ដែលទើបបង្កើតថ្មីរបស់ខ្លួនឈ្មោះថា Inflection AI ដើម្បីចូលរួមជាមួយ Microsoft ដោយយកបុគ្គលិករាប់សិបនាក់ទៅជាមួយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនច្បាស់ថាតើមានការងារប៉ុន្មានផ្នែក ដែលមជ្ឈមណ្ឌលថ្មីនឹងបង្កើតនោះ ខណៈសេចក្តីប្រកាសនេះ បានបង្ហាញពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះរបស់ Microsoft ក្នុងការវិនិយោគ ២.៥ ពាន់លានផោន (៣.១៦ពាន់លានដុល្លារ) ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ និងការកែលម្អជំនាញ AI នៅទូទាំងប្រទេសអង់គ្លេស៕