(បរទេស)៖ ក្រុមហ៊ុនរថយន្តដ៏ល្បី Tesla របស់មហាសេដ្ឋី Elon Musk ត្រូវបានរាយការណ៍មកថា កំពុងតែដោះស្រាយក្តីក្តាំនៅតុលាការ ជាមួយក្រុមគ្រួសារវិស្វករ Apple ម្នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលបើកបរថយន្ត Tesla Model X SUV ខណៈគ្រោះថ្នាក់នេះ ត្រូវបានគេសង្ស័យថា ជាប់ព័ន្ធនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ឬ Autopilot របស់រថយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងក្នុងរដ្ឋកាលីហ្វរញ៉ា តាំងពីឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែការកាត់ក្តីទើបតែចាប់ផ្តើមនៅថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងតុលាការជាន់ខ្ពស់រដ្ឋកាលីហ្វ័រញ៉ា។ ដំណោះស្រាយ គឺអនុញ្ញាតឱ្យក្រុមហ៊ុន Tesla ជៀសវាងការបង្ហាញភស្តុតាង និងផ្តល់សក្ខីកម្ម នៅក្នុងករណីដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។

បើតាមការស៊ើបអង្កេតស្ថាប័ន The National Transportation Safety Board (NTSB) បានបង្ហាញថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសារប្រព័ន្ធ Autopilot ដំណើរការមិនប្រក្រតី ហើយក៏មានការរួមចំណែកពីការធ្វើប្រហែសរបស់អ្នកបើកបរផងដែរ។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញ កម្មវិធីហ្គេមដែលបើកនៅលើទូរសព្ទរបស់លោក Huang ប៉ុន្តែមិនអាចបញ្ជាក់ពីការប្រើប្រាស់សកម្មរបស់វា ក្នុងអំឡុងពេលគ្រោះថ្នាក់នោះទេ។ ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា មានគម្រោងធ្វើការជាមួយក្រុមហ៊ុន Apple ដើម្បីស្រាវជ្រាវ និងកំណត់ថា តើលោក Huang បានលេងហ្គេមនៅលើទូរស័ព្ទរបស់គាត់ នៅមុនពេលជួបឧបទ្ទវហេតុនេះដែរឬទេ ដើម្បីបញ្ជាក់ថា លោកប្រហែលជាមិនបានយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅអំឡុងពេលនៃការបើកបរនោះឡើយ? តែយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបដិសេធមិនព្រមធ្វើការសហការ។

យ៉ាងណាមិញពាក់ព័ន្ធ នឹងដំណោះស្រាយនេះ ប្រាក់សំណងចំនួនប៉ុន្មាន នៅមិនទាន់ត្រូវបានបង្ហាញលម្អិតនោះទេ ហើយចៅក្រមនៅតែយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដោយសវនាការនឹងត្រូវបន្តម្តងទៀត នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ៕