(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានចាត់ទុកការបំពាក់កៅអីមានខ្នងបង្អែកថ្មី នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ស្របតាមគោលការណ៍ និងស្ដង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) គឺជាសមិទ្ធផលថ្មីមួយ តែនៅមានរឿងមួយទៀត ដែលជាក្ដីបារម្ភ ពាក់ព័ន្ធនឹងកម្លាំងភ្លើងបំភ្លឺទីលាន ដែលត្រូវពិនិត្យ និងដោះស្រាយឲ្យបានលឿន ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រគល់-ទទួលកៅអីមានខ្នងបង្អែកថ្មី នៃពហុកីឡដ្ឋានជាតិ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមជាសក្ខីភាពរបស់លោក ខៀវ សាម៉េត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលជាម្ចាស់ជំនួយលើគម្រោងផ្លាស់ប្ដូរ និងបំពាក់កៅអីថ្មី នៃសំណង់ប្រវត្តិសាស្ដ្រកីឡាកម្ពុជាខាងលើ ។

មន្ដ្រីជាន់ខ្ពស់ FFC ដដែលបន្ដថា ការបំពាក់កៅអីមានបង្អែកថ្មី តាមស្ដង់ដារ FIFA និង AFC នេះ មានន័យថា កម្ពុជាអាចទទួលរៀបចំការប្រកួតអន្ដរជាតិគ្រប់កម្រិត នាពេលខាងមុខ ពិសេសចុងឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាស៊ាន ។ ប៉ុន្ដែទន្ទឹមជាមួយការទទួលបានកៅអីថ្មីនេះ ស្ថាប័នពាក់ព័ន្ធ ទាំងសហព័ន្ធ និងក្រសួងអប់រំ ត្រូវពិនិត្យឡើងវិញ នូវបញ្ហាភ្លើងថា តើអាចឆ្លើយតបតម្រូវការអន្ដរជាតិ ដើម្បីរៀបចំការប្រកួតធំៗទាំងអស់នោះបានហើយឬនៅ?

លោក ខៀវ សាម៉េត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលបារម្ភ គឺបញ្ហាភ្លើង យើងអាចជួយពិនិត្យមើលភ្លើង ព្រោះថ្ងៃមុន មានប្រទេស ២ មិនចុះសម្រុងគ្នាក្នុងការធ្វើម្ចាស់ផ្ទះ ហើយគេបានស្នើយើង ធ្វើជាម្ចាស់ផ្ទះ ប៉ុន្ដែដោយសារបញ្ហាភ្លើងយើងមិនគ្រប់ ។ អ៊ីចឹងខាងក្រសួង ក៏ដូចជាអគ្គលេខាធិការ(FFC) សូមពិនិត្យមើលថា ភ្លើងយើងបានកម្រិតណា បើភ្លើងមិនគ្រប់ គឺពិបាកក្នុងការរៀបចំ ។ រីឯគុណភាពនៃការផ្សាយបានល្អកម្រិតណា? បើដាក់ VAR បានទៀតកាន់តែល្អ ព្រោះគេត្រូវការប្រព័ន្ធ Internet លឿន»

ជាមួយគ្នានោះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា បើយោងតាមលទ្ធផលធ្វើតេស្ដចុងក្រោយ កម្លាំងភ្លើងនៃពហុកីឡដ្ឋានជាតិ គឺមានកម្លាំង ១,២០០Lux មានន័យថា អាចទទួលរៀបចំកម្រិតអាស៊ាន តែមិនទាន់ឆ្លើយតបតម្រូវការ AFC ឬ FIFA នោះទេ ដ្បិតការប្រកួតកម្រិតកាន់តែខ្ពស់ ត្រូវការកម្លាំងភ្លើងកាន់តែខ្ពស់ ជាក់ស្ដែងពីមុន AFC តម្រូវកម្លាំងភ្លើងត្រឹម ១,២០០Lux តែឥលូវបានដំឡើងដល់ពីចន្លោះ ១,៦០០ Lux ទៅ ១,៨០០ Lux ទើបអាចរៀបចំការប្រកួតអន្ដរជាតិធំៗបាន ។

គួរដឹងថា ចំពោះការផ្លាស់ប្ដូរ និងបំពាក់កៅអីមានបង្អែកថ្មី នៃពហុកីឡដ្ឋានជាតិ ត្រូវបានអនុវត្តកាលពីដើមខែមករា ហើយបញ្ចប់នៅដំណាក់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរចនាបថដ៏ស្រស់ស្អាតរំលេចនូវអត្តសញ្ញាណខ្មែរ ។ ការបំពាក់កៅអីថ្មីសរុបចំនួន ២៥,០០០កៅអីនេះ ធ្វើឡើងក្រោមជំនួយថវិការបស់ AFF ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដែលចំណាយថវិកាអស់ចំនួន ៤៩៨,៧៥០ដុល្លារ ។ រីឯកៅអីចាស់ ដែលបានរុសរើចេញ សហព័ន្ធនឹងប្រគល់ជូនដល់សមាគម/ក្លិបចំនួន ១១ ដែលលេងលីគកំពូលកម្ពុជា គឺមានចំនួនសរុប ២១,៦៦១កៅអី ៕