(ភ្នំពេញ)៖ Wyndham hotel & resorts ដែលជាក្រុមហ៊ុនសិទ្ធិផ្តាច់មុខសណ្ឋាគារធំជាងគេនៅលើពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយក្រុមហ៊ុន UC Group នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

ភ្ញៀវកិត្តិយស ដែលចូលរួមក្នុងពិធីចុះហត្ថលេខានេះគឺលោកឈុន សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុន UC group និងលោក ឈុន ហេងឡេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន UC Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោកEudo Chan នាយកជាន់ខ្ពស់នៃការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៃសណ្ឋាគារ Wyndham។

Wyndham Hotel Group គឺជាក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារដ៏ធំបំផុតរបស់ពិភពលោក ដែលមានម៉ាកយីហោចំនួន២៤ និងសណ្ឋាគារជាង ៩,២០០ នៅក្នុង ៩៥ប្រទេសជុំវិញពិភពលោក រួមទាំងសណ្ឋាគារជាង ១,៦០០ នៅតំបន់អាស៊ីផងដែរ។ នាពេលខាងមុខនេះ Wyndham នឹងបង្ហាញខ្លួននៅទីក្រុងភ្នំពេញតំបន់ BKK1 ដែលធ្វើឱ្យតំបន់នេះកាន់តែមានភាពអស្ចារ្យ។

UC Group ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីមួយក្នុងរាជធានីភ្នំពេញ ដែលមានគម្រោងជោគជ័យខ្លាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ! UC Group បានបង្កើតគម្រោងជោគជ័យសរុបចំនួន៣ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ។ គម្រោងទីមួយគឺ The View ផ្លូវ៣៧០ ខណ្ឌបឹងកេងកង គម្រោងទី២ ដែលទទួលបានជោគជ័យគឺ Golden One នៅខណ្ឌបឹងកេងកង៣ គម្រោងទីបីគឺ UC88 នៅខណ្ឌបឹងកេងកង១ ផ្លូវ៣២២។

អគារ UC88 ស្ថិតនៅលើផ្លូវ៣២២ ខណ្ឌបឹងកេងកងទី១ ដែលជាតំបន់ដ៏មានសក្តានុពលមួយនៃរាជធានីភ្នំពេញ។ អគារនេះមានកម្ពស់១៧៦ម៉ែត្រ និងមាន៤៥ ជាន់ ។ បន្ទាប់ពីសណ្ឋាគារ Wyndham Garden បានចុះកិច្ចព្រមព្រៀងសហការណ៍ក្នុងការគ្រប់គ្រងអគារ UC88 អគារខុនដូរនេះនឹងមានបន្ទប់ច្រើនជាង ២០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ស្នាក់នៅ។

គ្រឿងបរិក្ខារសាធារណៈបន្ថែមរបស់សណ្ឋាគារត្រូវបានគ្រោងទុកនៅជាន់ទី២៤/ ២៥ និងជាន់ខាងលើ រួមទាំងអាងហែលទឹកគ្មានដែនកំណត់ប្រវែង ២៨ម៉ែត្រ ស្កាយបារកន្លែងហាត់ប្រាណ សូណា ភោជនីយដ្ឋានចិន និងបស្ចិមប្រទេស និងគ្រឿងបរិក្ខារទំនើបៗផ្សេងទៀត៕