(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ មន្ទីរព្យាបាលធ្មេញបស្ចិម បានប្រារព្ធពិធីជប់លៀងអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួនជាមួយវត្តមានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ក្រោមបរិយាកាសប្រកបដោយភាពរីករាយសាទរនិងមោទនភាពបំផុត។

ក្នុងឱកាសដ៏វិសេសវិសាលនៃអង្គពិធី លោកនាយក ចាប ឬទ្ធី តំណាងក្រុមប្រឹក្សាភិបាល នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍ថា មកដល់ពេលនេះ មន្ទីរព្យាបាលធ្មេញបស្ចិម មានអាយុកាល២៥ឆ្នាំមកហើយ បើប្រៀបនឹងមនុស្សវិញគឺពោរពេញដោយកម្លាំងខ្លាំងក្លា ភាពចាស់ទុំ និងគួរឱ្យទុកចិត្ត។ ជាកិច្ចបន្ត លោកនាយក ចាប ឬទ្ធី ក៏បានរំឭកថាបស្ចិមរបស់យើងបានចាប់ផ្តើមកកើតនៅឆ្នាំ១៩៩៩ ជាមួយកៅអីព្យាបាលធ្មេញតែមួយប៉ុណ្ណោះ ហើយមនុស្សម្នាក់ដែលយើងមិនអាចបំភ្លេចបានគឺ Dr. Watara Shimazu មិត្តភក្តិជប៉ុនដ៏ល្អដែលបានជួយជ្រោមជ្រែងក្នុងពេលចាប់ផ្តើមនោះ។

រយៈពេលពីរទសវត្សរ៍កន្លះ បស្ចិម បានឆ្លងកាត់នូវដំណាក់កាលលំបាកច្រើន ជាមួយការប្រឹងប្រែងតស៊ូព្យាយាម ការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាព្យាបាលជូនអតិថិជន ការអភិវឌ្ឍខ្លួនតាមរយៈការវិនិយោគលើទំនើបកម្មសម្ភារៈបរិក្ខារទន្តសាស្រ្ត ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អបរិស្ថានកន្លែងព្យាបាល ធ្វើយ៉ាងណាឱ្យមានការគាំទ្រនិងការផ្តល់ទំនុកចិត្តពីអតិថិជនឱ្យកាន់តែច្រើនឡើង និងតាមរយៈកិច្ចសហការយ៉ាងល្អពីក្រសួង ស្ថាប័ន ក្រុមហ៊ុន អង្គការជាដៃគូនានា ដូចជា ក្រសួងសុខាភិបាលដែលជាអាណាព្យាបាល និងពីគណៈទន្តពេទ្យកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យមន្ទីរព្យាបាលធ្មេញបស្ចិមរឹងមាំ បន្តឈរក្នុងលំដាប់ខ្ពស់នៃមន្ទីរពេទ្យធ្មេញនៅប្រទេសកម្ពុជា។ ទោះបីជាមន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាបនឯកជនក៏ពិតមែន ប៉ុន្តែមន្ទីរព្យាបាលបស្ចិមតែងតែយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាព តាមរយៈសកម្មភាពមនុស្សធម៌នានា។ ក្នុងការទទួលខុសត្រូវចំពោះសង្គមនេះ មន្ទីរព្យាបាលធ្មេញបស្ចិមបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីជាច្រើន ដូចជា៖ ការចូលរួមវិភាគទាន និងការឧបត្ថម្ភជាថវិកាតាមរយៈ សមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និង កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្ម កាត់បន្ថយភាពក្រីក្រ ។

មន្ទីរព្យាបាលធ្មេញបស្ចិមបានផ្តល់ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញដោយឥតគិតថ្លៃដល់កុមារកំព្រា សិស្សានុសិស្ស និងការចូលរួមវិភាគទានទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា អង្គការកុមារកំព្រា ក្រុមទូកង កម្មវិធីប្រកួតកីឡាតាមបណ្តាសាលារៀននានា និងការឧបត្ថម្ភដោយផ្ទាល់ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ផ្សេងៗ។ ។ ការចូលរួមលើកកំពស់ចំណេះដឹង និងការថែរក្សាសុខភាពមាត់ធ្មេញ តាមរយៈការធ្វើបទបង្ហាញនៅតាមបណ្តាអង្គការ សាលារៀនរដ្ឋនិងឯកជន សហគ្រាស-គ្រឹះស្ថាន ដែលមានអ្នកចូលរួមជាច្រើនពាន់នាក់ ដើម្បីឱ្យពួកគេបានយល់ដឹងច្បាស់អំពីការសម្អាត ការថែទាំ និងការការពារសុខភាពមាត់ធ្មេញ។

លោកនាយក ចាប ឬទ្ធី បានបន្តមានប្រសាសន៍ថា សម័យនេះគឺជាសម័យបច្ចេកវិទ្យាឌីជីថលនិងអេអាយ ដូចនេះដើម្បីឆ្លើយតបការវិវត្តយ៉ាងលឿននៃសកលភាវូបនីយកម្មឱ្យទាន់ពេលប្រកបដោយប្រសិទ្ធិភាព មន្ទីរព្យាបាលធ្មេញបស្ចិម បានបន្តប្រកាន់ខ្ជាប់ខ្ជួននូវគុណតម្លៃជាមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលរួមមាន «គុណភាពខ្ពស់ អនាម័យល្អ និងសេវាកម្មឈានមុខ»

ជាក់ស្តែងបច្ចុប្បន្ន មន្ទីរព្យាបាលធ្មេញបស្ចិមបានបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទន្តសាស្រ្តឌីជីថលទំនើបៗបំផុតដូចជា ម៉ាស៊ីនថតអ៊ិចរ៉េឌីជីថល និងម៉ាស៊ីនថតក្នុងមាត់ (Intra-Oral Scanner, CBCT-3D (Smart & Green X12) ដែលជាម៉ាស៊ីនទន្តសាស្រ្តទំនើបចុងក្រោយបំផុត ដែលអាចថតបានលឿនជាងមុន ច្បាស់ជាងមុន និងងាយស្រួលក្នុងការធ្វើរោគវិនិច្ឆយបានច្បាស់លាស់ជាងមុន ។ មន្ទីរព្យាបាលធ្មេញបស្ចិម តែងតែយកចិត្តទុកដាក់ខ្ពស់លើសម្ភារៈប្រើប្រាស់ ឧបករណ៍ព្យាបាលទំនើបៗ ដូចជាបច្ចេកវិទ្យាដាំបង្គោលធ្មេញអ៊ឹមផ្លាន Straumann ពីប្រទេសស្វីស, Osstem របស់កូរ៉េខាងត្បូង ក៏ដូចជាបច្ចេកទេសពត់ធ្មេញជាមួយសំភារៈពត់ធ្មេញ Damon របស់អាមេរិក និង Forestadent ពីអាឡឺម៉ង់ជាដើម។ មន្ទីរព្យាបាលធ្មេញបស្ចិម ក៏មានមន្ទីរផលិតផលគ្រាប់ធ្មេញ ដែលបំពាក់ដោយបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនផងដែរ។
ក្រៅពីមូលដ្ឋានសម្ភារៈនិងបច្ចេកវិទ្យាទំនើប យើងក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាព ក្រុមការងារទាំងអស់ ពិសេសគឺទន្តបណ្ឌិតជំនាញរបស់យើង។ គ្រប់ទន្តបណ្ឌិតឯកទេសនិងទន្តបណ្ឌិតជំនាញៗទាំងអស់ ត្រូវបានតម្រូវឱ្យអភិវឌ្ឍសមត្ថភាពជាប្រចាំ តាមរយៈការផ្តល់ជាពិន្ទុអប់រំបន្ត ឬ Continue Education Point តាមរយៈការចូលរួមវគ្គសិក្សា សិក្ខាសាលាទាំងក្នុងនិងក្រៅប្រទេស។

រយៈពេល២៥ឆ្នាំ អាចជារយៈពេលវេលាដ៏យូរអង្វែងមួយ ប៉ុន្តែសម្រាប់មន្ទីរព្យាបាលធ្មេញបស្ចិម ត្រូវបន្តខិតខំប្រឹងប្រែងរៀបចំផែនការនិងកិច្ចការធំៗជាច្រើនទៀតត្រូវធ្វើ ដើម្បីធ្វើឱ្យសម្រេចនូវទស្សនវិស័យរបស់ខ្លួន ដើម្បីក្លាយជា «អ្នកនាំមុខគេក្នុងវិស័យសុខភាពមាត់ធ្មេញក្នុងប្រទេស ក៏ដូចជាក្នុងតំបន់»

ជាទីបញ្ចប់ លោកនាយក ចាប ឬទ្ធី បានមានប្រសាសន៍ថ្លែងអំណរគុណដល់គ្រប់អតិថិជនទាំងអស់ ដែលតែងតែទទួលយកសេវាកម្មរបស់មន្ទីរព្យាបាលយើងខ្ញុំ ជាមួយការទុកចិត្តនិងបន្តគាំទ្រសេវាកម្មព្យាបាលរបស់យើងខ្ញុំ។ ភាពជោគជ័យដែលយើងខ្ញុំទទួលបាននៅថ្ងៃនេះ ពិតជាមិនអាចកើតឡើងដោយគ្មានការចូលរួមពីអ្នកទាំងអស់គ្នាបានឡើយ ពោលគឺទាំងអតិថិជន បុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងដៃគូសហប្រតិបត្តិការទាំងអស់តាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ននេះ។ ជាមួយទំនុកចិត្តនិងសេចក្តីជឿជាក់របស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាបំផុត ជំរុញឱ្យយើងខ្ញុំទាំងអស់គ្នាបន្តអនុវត្តនូវបេសកកម្មដែលបានគ្រោងទុកនាពេលខាងមុខ។

ឆ្លៀតឱកាសនេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូសហប្រតិបត្តិការទាំងអស់ រួមមានក្រុមហ៊ុនផ្គត់ផ្គង់ ឡាបូផលិតគ្រាប់ធ្មេញ និងដៃគូសហការផ្សេងៗទៀត ដែលបានសហការគ្នាយ៉ាងល្អ និងដោយភាពស្មោះត្រង់ ក្នុងរយៈពេលកន្លងមក។ ជាចុងក្រោយ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាង មហោទរាទេវី សូមប្រសិទ្ធពរជ័យបវរសួស្តីជូនចំពោះ ភ្ញៀវកិត្តិយសសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ទន្តបណ្ឌិត និងបុគ្គលិកទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕