(ប៉ារីស)៖ ប្រទេសអេស្ប៉ាញ និងបារាំង បានបង្កើនការថែរក្សាសន្តិសុខនៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ទាំងនៅទីក្រុង Madrid និងទីក្រុង Paris នៅយប់ថ្ងៃអង្គារ និងថ្ងៃពុធ បន្ទាប់ពីមានការគំរាមកំហែងពីក្រុមរដ្ឋឥស្លាម (Islamic State)។ នេះបើតាមការអះអាងពីមន្ត្រីថ្នាក់កំពូលរបស់រដ្ឋាភិបាល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ការថែរក្សាសន្តិសុខ នឹងត្រូវបង្កើនឡើងនៅឯការប្រកួតថ្ងៃពុធ នៅរដ្ឋធានីបារាំងរវាងក្លិប Paris Saint-Germain ទល់នឹង FC Barcelona បន្ទាប់ពីមានការគំរាមកំហែងពីក្រុម Islamic State។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin។

លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធបានប្រកាសគំរាមកំហែងគ្រប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយទាំងអស់នៅថ្ងៃអង្គារ និងថ្ងៃពុធ ដោយក្នុងនោះដែរក៏មានក្នុងជំនួប PSG ជាមួយក្លិប Barcelona នៅកីឡដ្ឋាន Parc des Princes ទៀតផង។

លោក Darmanin បានលើកឡើងថា មានការគំរាមកំហែងយ៉ាងច្បាស់មួយ ដែលបានបង្ហាញជាសាធារណៈ ដោយក្រុម Islamic State។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA អះអាងថា ការប្រកួតទាំងអស់នឹងបន្តធ្វើឡើង បើទោះបីជាមានការគំរាមកំហែងក្តី៕