(ក្រុងឡុងដ៍)៖ Harry Kane បានវិលត្រឡប់ទៅកាន់ភាគខាងលិចទីក្រុង London ប្រទេសអង់គ្លេស និងរកបាន ១គ្រាប់ផងដែរ នៃជំនួបដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ រវាង Bayern Munich ទល់នឹងម្ចាស់ផ្ទះកាំភ្លើងធំ Arsenal សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Kane អតីតកីឡាករស៊ុតច្រើនគ្រាប់ឱ្យ Tottenham Hotspur បានធ្វើឱ្យក្រុមអ្នកគាំទ្រខាង Arsenal បាត់មាត់ទៅវិញ តាមរយៈកីឡាករអង់គ្លេសរូបនេះរកបានគ្រាប់នាំមុខ ២-១ សម្រាប់ក្រុមអាល្លឺម៉ង់ Bayern Munich នៅនាទី៣២ ដោយបាល់ពិន័យ ១១ម៉ែត្រ ដ្បិតកាំភ្លើងធំ ជាក្រុមធ្វើបានល្អ តាមរយៈបើកការនាំមុខ ១គ្រាប់មុនដោយកីឡាករ Bukayo Saka តាំងពីនាទីទី១២។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Emirates កីឡាករអន្តរជាតិអាល្លឺម៉ង់ Gnabry ជាអ្នករកបានគ្រាប់តាមស្មើ ១-១ បន្ទាប់ពីម្ចាស់ផ្ទះ Arsenal ស្រែកហ៊ោរបាន ៦នាទីប៉ុណ្ណោះ មុនពេល Kane រកបានគ្រាប់ទី១៥ ពីការលេងលើកទី២០ ទល់នឹងក្រុមកាំភ្លើងធំចុងវគ្គទី១ ហើយ Leandro Trossard ជាអ្នករកបានគ្រាប់ទី៤ ក្នុងជំនួបនេះ និងជាគ្រាប់ទី២ របស់ខ្សែបម្រើប៊ែលហ្សិក ពីការបង្ហាញខ្លួន ២លើកចុងក្រោយជាមួយ Arsenal ដែរ។

Arsenal ដែលដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Mikel Arteta នឹងធ្វើដំណើរទៅទីលាន Allianz Arena ដើម្បីប្រកួតជើងទី២ ទល់នឹងក្រុមរបស់លោក Thomas Tuchel ក្នុងការប្រជែងកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នារាត្រីថ្ងៃពុធ ទី១៧ ខែមេសា៕