(បរទេស)៖ ប្រភពមិនបង្ហាញឈ្មោះបាននិយាយថា រដ្ឋបាលលោក Biden គ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ Samsung ដល់ទៅ ៦.៦ពាន់លានដុល្លារ ដើម្បីពង្រីកទិន្នផលបន្ទះឈីបរបស់ខ្លួននៅក្នុងទីក្រុង Taylor រដ្ឋតិចសាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់រោងចក្រចំនួន៤ នៅទីក្រុង Taylor រដ្ឋតិចសាស់ រួមទាំងរោងចក្រផលិតបន្ទះឈីបដែលមានតម្លៃ ១៧ពាន់លានដុល្លារដែល Samsung បានប្រកាសនៅឆ្នាំ២០២១ និងរោងចក្រមួយផ្សេងទៀត ក៏ដូចជាកន្លែងវេចខ្ចប់ទំនើប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នេះបើតាមការបង្ហាញដោយលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី Gina Raimondo។

ប្រភពដដែលបាននិយាយទៀតថា ការផ្តល់មូលនិធិនេះ ក៏នឹងរួមបញ្ចូលផងដែរនូវការវិនិយោគនៅក្នុងទីតាំងរោងចក្ររបស់ Samsung ប៉ុន្តែមិនបញ្ចេញលម្អិត ដោយបន្ថែមថា Samsung នឹងបង្កើនការវិនិយោគរបស់សហរដ្ឋអាមេរិកទ្វេដងដល់ជាង ៤៤ពាន់លានដុល្លារដែលជាផ្នែកនៃកិច្ចព្រមព្រៀង៕