(ម៉ាឌ្រីដ)៖ Aaron Cortes កីឡាករវាយកូនបាល់ទោលអន្តរជាតិអេស្ប៉ាញ ត្រូវបានដាក់ពិន័យមិនឱ្យចូលរួមប្រកួតនានារយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនផងដែរ ពីបទប្រព្រឹត្តអំពើពុករលួយនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Cortes វ័យ ២៩ឆ្នាំ ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរហូតដល់ឆ្នាំ២០៣៩ និងពិន័យជាប្រាក់ប្រមាណ ៥៩,០០០ផោនថែមទៀតផង ពីបទប្រព្រឹត្តអំពើពុករលួយនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨។

Cortes បានប្រើប្រាស់លុយ ដើម្បីរៀបចំលទ្ធផលទុកមុន និងភ្នាល់តេន្នីស រួមទាំងទិញមន្រ្តីអាជ្ញាកណ្តាលថែមទៀតផង ដែលត្រូវបានរកឃើញដោយទីភ្នាក់ងារសុចរិតភាពនៃកីឡាតេន្នីសអន្តរជាតិ ហៅកាត់ថា ITIA។

ITIA បានឱ្យដឹងថា Cortes ដែលឈរនៅចំណាត់ថ្នាក់លេខ៩៥៥ នៃតារាង Tennis ពិភពលោកផងនោះ បានចូលរួមសហការ និងទទួលយកនូវទណ្ឌកម្មមួយនេះ ដែលបានរារាំងលោកមិនឱ្យចូលរួមធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹង Tennis មានដូចជា ប្រកួត បង្វឹក និងទស្សនាតេន្នីសផ្សេងៗជាដើម៕