(រីយ៉ាដ)៖ Cristiano Ronaldo របស់ Al-Nassr ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ដោយសារប្រើកែងដៃបុកចំទ្រូង Ali Al Bulayhi ក្នុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Saudi Super Cup ឆ្នាំ២០២៣-២០២៤ ដែលបានចាញ់ Al-Hilal នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជាកាតក្រហមលើកដំបូងសម្រាប់កីឡាករវ័យ ៣៩ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ Ronaldo ក្រោយពេលផ្លាស់ចេញពីក្លិបអង់គ្លេស Manchester United មកលេងនៅអារ៉ាប៊ីសាអូឌីតនាអំឡុងខែធ្នូ ឆ្នាំ២០២២ ជាមួយក្លិប Al-Nassr។

Ronaldo ត្រូវបានពិន័យ red card ភ្លាមៗនៅនាទី៨៦ ក្រោយប្រើកែងដៃ (elbow) បុកចំដើមទ្រូងដែលធ្វើឱ្យ Ali Al Bulayhi ដួលតែម្តង និងបានឱ្យសញ្ញាមេដាយទៅលើអាជ្ញាកណ្តាល និងអ្នកគាំទ្រផងដែរ នៅពេលកំពុងដើរចេញពីទីលាន។

ជាមួយនឹងការប្រកួត ៩០នាទីពេញនោះដែរ ក្រុមរបស់ Ronaldo គឺ Al-Nassr ត្រូវបាន Al-Hilal បើកការនាំមុខ ២គ្រាប់មុនផងដែរ ពីការធ្វើបានរបស់កីឡាករ Salem Al-Dawsari និង Malcom មុនពេលអតីតខ្សែប្រយុទ្ធ Liverpool គឺ Sadi Mane វាយបកបាន ១គ្រាប់វិញចុងម៉ោង។

អតីតជើងឯក Super Cup ៣សម័យកាល Al-Hilal ត្រូវប្រកួតទល់នឹង Al-Ittihad វគ្គផ្តាច់ព្រ័ត្រនាថ្ងៃព្រសហ្បតិ៍ស្អែកនេះ គ្រាដែលគូប្រជែង Al-Ittihad ដែលបានយកឈ្នះ Al-Wehda ក្នុងលទ្ធផល ២-១ នេះដែរ៕