(ភ្នំពេញ)៖ តារាចម្រៀងរ៉េបបែបយុវវ័យ ប៉ុន្តែទទួលបានការគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈ លោក នេនទុំ បានបង្ហាញអារម្មណ៍រំភើបរីករាយឥតឧបមា ខណៈដែលខ្លួនបានចូលបម្រើការងារ ក្នុងវិស័យសិល្បៈខ្មែររាប់ឆ្នាំមកហើយ ទើបតែមានឱកាសមាស ត្រូវបានក្រុមហ៊ុនមួយជ្រើសរើសធ្វើជាទូតសុឆន្ទៈ តំណាងផលិតផលរបស់ខ្លួន ហើយត្រូវបាន នេនទុំ បញ្ជាក់ថា នេះជាលើកទី១ក្នុងជីវិត ដែលធ្វើឲ្យលោករំភើបចិត្តជាខ្លាំង សម្រាប់ការផ្ដល់កិត្តិយស និងការងារដ៏ធំធេងមួយនេះ។

ក្រោយពីទទួលបានតំណែងដ៏ល្អ និងមានកិត្តិយសមួយនេះរួចមក ម្ចាស់បទ «នែ!កូន» តារាចម្រៀង នេនទុំ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា លោកពិតជាមានក្ដីរំភើបណាស់ និងចង់ពោលពាក្យអរគុណ ចំពោះការផ្ដល់ឱកាសដ៏មានអត្ថន័យមួយនេះ ទៅកាន់ម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុន ដែលទទួលយករូបលោក ដើម្បីក្លាយជាអ្នកតំណាងផលិតផលរបស់ខ្លួន។

ម្ចាស់បទ «ប្រកាសរកសង្សារ» តារាចម្រៀង នេនទុំ បាននិយាយថា «គេងញញឹមពេញមួយយប់ហើយបងប្អូនអើយ ប្អូនស្រី MADAMDA បានរៀបចំការទទួលរូបខ្ញុំ ក្នុងនាមជាទូតសុឆន្ទៈជំនាន់ថ្មីថ្នាំដុះធ្មេញ Da Colla Smile អាចនិយាយបានថា នេះជាលើកទី១ហើយ សម្រាប់ជីវិតខ្ញុំ ដែលទទួលបានការផ្ដល់កិត្តិយសដ៏ធំធេងយ៉ាងនេះ តទៅមុខខ្ញុំនឹងខំធ្វើការងារមួយនេះ ឲ្យសមនឹងការផ្ដល់ជូនរបស់ប្អូនស្រី ចំពោះរូបខ្ញុំ អរគុណអ្នកម៉ែជាទីស្រឡាញ់ ដែលបានផ្តល់កំណើត និងការមើលថែកូនរហូតមក អគុណប្អូនស្រី MADAMDA ដែលប្អូនបានផ្តល់ឱកាសការងារដ៏ល្អមួយនេះ សម្រាប់បងអរគុណបងប្អូនអ្នកគាំទ្រទាំងអស់ ដែលធ្វើឲ្យរូបខ្ញុំ មានថ្ងៃពិសេសនេះ»

ជាការពិតថ្មីៗនេះ តារាចម្រៀង នេនទុំ ទើបក្លាយជាទូតសុឆន្ទៈ ឲ្យផលិតផលថ្នាំដុសធ្មេញរបស់ក្រុមហ៊ុនម៉ាដាមដា ដែលជាក្រុមហ៊ុនមានផលិតផលថែរក្សាសម្រស់ជាច្រើនប្រភេទ។ ក្រោយទទួលបានការងារដ៏មានកិត្តិយសនោះហើយ តារាដែលមានប្រភពពីខេត្តកំពង់ចាមរូបនេះ បានបង្ហោះសារថ្លែងអំណរគុណ ដល់ក្រុមហ៊ុនយ៉ាងវែងអន្លាយ។

សូមបញ្ជាក់ថា អ្នកជំនួញល្បីឈ្មោះលោកស្រី សៀន សូលីន ហៅ ដាម៉ាដាមដា បានធ្វើឲ្យគ្រប់គ្នារំភើបចិត្តជាមួយនឹងការប្រកាសជួយដល់តារាចម្រៀងរ៉េប នេនទុំ ក្រោយពីលោកសម្រក់ទឹកភ្នែកតូចចិត្ត ត្បិតមានគេមិនផ្តល់តម្លៃ ចំពោះស្នាដៃបទចម្រៀងរបស់ខ្លួន។ បន្ថែមពីការជួយដល់គម្រោងផលិតបទចម្រៀងរបស់នេនទុំឲ្យបានចប់ចុងចប់ដើម និងលើកទឹកចិត្តនោះពេលនេះ អ្នកជំនួញស្រស់សោភារូបនេះ បានទាំងប្រកាសផ្តល់តំណែងធំថ្មីមួយ គឺជាទូតសុឆន្ទៈសម្រាប់ផលិតផលថ្នាំដុះធ្មេញដាខូឡាស្មាល (Da Cola Smile ) របស់ក្រុមហ៊ុនលោកស្រី។

នៅពីក្រោយការផ្តល់ឱកាសជាទូតសុឆន្ទៈនេះ ត្រូវបានអ្នកទាំងពីលើកឡើងដូចគ្នាថា ព្រោះតែមានទឹកចិត្ត បេះដូងពោរពេញដោយក្តីស្រលាញ់ ក្តីមេត្តា និងកត្តញ្ញូចំពោះអ្នកមានគុណ ពិសេសគឺម្តាយតែម្តង។ ការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៨ ខែមេសាឆ្នាំ ២០២៤នេះ ក្នុងឱកាសដែលលោកស្រីក៏បានរៀបចំពិធីពិសាអាហារសាមគ្គីនៃតំណាង និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនម៉ាដាមដាផងដែរ៕