(ភ្នំពេញ)៖ លោក ខូវ ឆាយ នាយកថ្មីនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានប្ដេជ្ញាខិតខំ និងធ្វើទំនើបកម្មតាមវិទ្យាសាស្ដ្រកីឡា ដើម្បីជំរុញការអភិវឌ្ឍកីឡាកងទ័ពកម្រិតខ្ពស់ ឆ្ពោះទៅរកការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនអង្គភាព និងជាតិមាតុភូមិថ្មីៗបន្ថែមទៀត។

ការតាំងចិត្តនេះ ធ្វើឡើងក្រោយពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីក្រោមឱវាទ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែមេសានេះ និងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣-១៦ ខែមេសាខាងមុខ ហើយក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម ផងដែរ។

ឆ្លៀតឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃមជ្ឈមណ្ឌលកីឡា ខ.ភ.ម រយៈពេល ១ឆ្នាំកន្លងមក ដែលបានបន្សល់នូវស្នាដៃជាច្រើន សម្រាប់អង្គភាព និងប្រទេសជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រុមប្រឹក្សាកីឡា ខ.ភ.ម ពិសេសការរួមចំណែកដណ្ដើមបានរហូតដល់ ៤០% ក្នុងចំណោមមេដាយសរុប នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

លោក ខូវ ឆាយ ថា «នេះគឺជាការរួមចំណែកមួយដ៏ធំ ហើយក៏ជាគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន ចំពោះការលះបង់របស់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងបងប្អូនកីឡាករ-កីឡាការិនី នៃកីឡាកងទ័ពយើងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមជាមួយគណៈកម្មាធិការជាតិ CAMSOC ដែលបានរៀបចំការប្រកួតប្រកបដោយភាពជោគជ័យ ក៏ដូចជាលទ្ធផលយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជាយើង ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ក្រោយរង់ចាំអស់ជាង ៦០ឆ្នាំ»។

ក្រឡេកចាប់អារម្មណ៍ថ្មីឆ្នាំនេះវិញ មជ្ឈមណ្ឌលកីឡា ខ.ភ.ម បានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺការចូលជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពពិភពលោក ក្នុងកិច្ចប្រជុំនៅប្រទេសចិន ដែលមាន ១៧ប្រទេសចូលរួម កាលពីថ្មីៗ ដើម្បីបង្ហាញឲ្យឆាកអន្ដរជាតិបានឃើញថា កម្ពុជាប្រទេសតូចតែបេះដូងធំ ហើយមានឆន្ទៈយ៉ាងមុតមាំ សម្រាប់ការចូលរួមគ្រប់ព្រឹត្តិការណ៍អន្ដរជាតិនានា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ និងស្មើមុខមាត់លើឆាកអន្ដរជាតិ។

លោកបន្ថែមថា «នៅថ្ងៃអនាគត ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទយើង ដែលមានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទជាសេនាធិការ នឹងចូលរួមគ្រប់ព្រឹត្តិការណ៍កីឡាកងទ័ពកម្រិតពិភពលោក។ យើងនឹងព្យាយាមកៀគរ រួបរួម និងស្វះស្វែងរកការទ្រទ្រង់ទាំងឡាយពីគ្រប់មជ្ឈដ្ឋាន ដើម្បីឲ្យកីឡាកងទ័ពរបស់យើង មានលទ្ធភាពក្នុងការចូលរួមប្រកួតកីឡាកម្រិតពិភពលោក ដើម្បីដណ្ដើមលទ្ធផលល្អជូនអង្គភាព (ក្រសួងការពារជាតិ) និងជូនជាតិមាតុភូមិយើងទាំងមូល»។

ដូច្នេះឆ្លៀតឱកាសលោកត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទថ្មី លោកប្ដេជ្ញានឹងបន្ដថែរក្សាមរតក និងសមិទ្ធផលពីថ្នាក់ដឹកនាំមុនៗ ហើយបន្ដខិតខំអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីជំរុញឲ្យវិស័យកីឡា នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើន និងស្មើមុខស្មើមាត់ជាមួយអង្គភាពដទៃ។ លោក ខូវ ឆាយ បន្ថែម។

លោកបានសង្កត់ធ្ងន់ថា «ពួកខ្ញុំនឹងខំប្រឹងធ្វើទំនើបកម្មសម្រាប់កីឡាកងទ័ពរបស់យើងឲ្យឈានទៅរកការប្រកួតប្រជែងកម្រិតជាតិ និងអន្ដរជាតិនានា ទាំងការបំពាក់សម្ភារថ្មីៗ ការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលវិទ្យាសាស្ដ្រកីឡាតាមបែបទំនើប។ល។ យើងនឹងធ្វើទំនើបកម្មទាំងអស់នេះ ដើម្បីជំរុញកីឡាយើងឈានទៅរកការប្រកួតប្រជេងកម្រិតខ្ពស់នាថ្ងៃអនាគត»