(ភ្នំពេញ)៖ ឥឡូវនេះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់កាន់តែងាយស្រួលមកកាន់ក្រុមគ្រួសារ នៅប្រទេសកំណើតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមរយៈកិច្ចសហការរួមគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន Japan Money Express Co. Ltd។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ផ្តល់លទ្ធភាពដល់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់ដោយសុវត្ថិភាព និងចំណាយតិចបំផុត មកកាន់ក្រុមគ្រួសារនៅប្រទេសកំណើតវិញ។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ គឺជាការរួមបញ្ចូលគ្នានូវសក្តានុពលរបស់ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើន យ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន Japan Money Express ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ មានឯកទេសលើការផ្តល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។

គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលបំណងបង្កើនជម្រើសនៃការផ្ទេរប្រាក់ សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន ដោយធានាឲ្យមានមធ្យោបាយផ្ទេរប្រាក់ដែលអាចទុកចិត្តបាន មានសុវត្ថិភាព និងតម្លៃសមរម្យ ដើម្បីផ្ទេរប្រាក់ត្រលប់ទៅស្រុកកំណើត ខណៈកិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងទុកថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយ ក៏ដូចជាជួយសម្រួលប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែងាយស្រួល។

លោក Ajeeb Gurung អគ្គនាយកក្រុមហ៊ុន Japan Money Express បានសម្តែងការសាទរចំពោះកិច្ចសហការនេះ ដោយលោកបានលើកឡើងថា «យើងខ្ញុំមានសេចក្តីរំភើបរីករាយ ដែលបានធ្វើដំណើរសហការជាមួយធនាគារ វីង ខណៈដែលយើងពង្រីកសេវាកម្មផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តនេះ បង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការបិទគម្លាតហិរញ្ញវត្ថុ ក៏ដូចជួយសម្រួលប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន កាន់តែងាយស្រួលជាងមុន»។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។ ធនាគារ វីង ដែលជាធនាគារកំពុងទទួលបានការគាំទ្រទៅលើផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រតិដ្ឋ ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមមប្រព័ន្ធឌីជីថលងាយស្រួល ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាគ្រប់រូបកាន់តែប្រសើរឡើង។ ជាមួយនឹងបណ្តាញដ៏ធំទូលាយនៅទូទាំងប្រទេសកម្ពុជា ធនាគារ វីង បានតាំងចិត្តខ្ពស់ដើម្បីបំពេញតម្រូវការ របស់អតិថិជនរបស់ខ្លួន។

លោក ឈុន វឌ្ឍនភក្តី អគ្គនាយករង ធនាគារ វីង បានលើកឡើងថា «តាមរយៈកិច្ចសហការរបស់ធនាគារ វីង ជាមួយក្រុមហ៊ុន Japan Money Express យើងមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងប្រជាជាតិ និងជួយសម្រួលដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ដើម្បីធានាបានថា ថវិកាដែលរកបានដោយលំបាករបស់បងប្អូនខ្មែរ នៅប្រទេសជប៉ុន ត្រូវបានផ្ទេរដោយសុវត្ថិភាព ហើយចំណាយថ្លៃសេវាតិចតួច ដើម្បីផ្គត់ផ្គង់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនាពេលនេះ យើងខ្ញុំជឿជាក់ថា នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គម ហើយថែមទាំងបង្កើនការផ្សារភ្ជាប់ អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុផងដែរ»។

យោងតាមការចេញផ្សាយសារព័ត៌មាននៅកម្ពុជា បានបង្ហាញថា ពលរដ្ឋកម្ពុជាប្រហែលជិត ៣០.០០០នាក់ ដែលភាគច្រើនជានិស្សិត អ្នកហាត់ការ និងសិក្ខាកាមដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ តាមរយៈភាពជាដៃគូនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន អាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល ដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន Japan Money Express ឬចូលទៅកាន់អេប JME Remittance នៅលើស្មាតហ្វូន ហើយបន្ទាប់មក ជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេ នៅស្រុកកំណើតដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះ បានភ្លាមៗតាមអេប Wing Bank នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចផ្ញើប្រាក់មកសមាជិកគ្រួសារ តាមរយៈសេវាភ្នាក់ងារដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបាន លេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដក សាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយនឹងបណ្តាញភ្នាក់ងារវីង ១១.០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរចនាសម្ព័ន្ធដ៏រឹងមាំ ទើបធ្វើឱ្យក្រុមហ៊ុន Japan Money Express និងធនាគារ វីង មានគោលដៅបង្កើតមធ្យោបាយថ្មី នៅក្នុងសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងរបស់អតិថិជន។ ស្ថាប័នទាំងពីរមានក្តីរំពឹងយ៉ាងមុតមាំ ក្នុងការប្រើប្រាស់សក្តានុពល និងជំនាញ ដើម្បីជំរុញភាពច្នៃប្រតិដ្ឋ បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
ក្រុមហ៊ុន Japan Money Express Co. Ltd. ដែលមានគេហទំព័រ https://japanremit.com/
ធនាគារ វីង ដែលមានគេហទំព័រ https://www.wingbank.com.kh/en/