(កណ្តាល)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញមកពី១០ភូមិ នៃឃុំខ្ពប សម្រាប់ឆ្នាំទី៧ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំខ្ពប់ និងលោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

កម្មវិធីស្រង់ព្រះប្រចាំឆ្នាំ របស់វីតាល់ និងមូលនិធិ២៥រៀល គឺបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខាន ពុំបានធ្វើតែកំឡុងពេលប្រទេសជាតិ និងពិភពលោកកំពុងជួបការ លំបាកពីវីរ៉ុសកូវីដ១៩ ។ កម្មវិធីដ៏ធំប្រចាំឆ្នាំនេះ បានផ្សារភ្ជាប់កម្មវិធី សប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិត នៃការចែករំលែកសេចក្តីល្អ ចែករំលែកសេចក្តីស្រលាញ់ អាណិតខ្វល់ខ្វាយចំពោះទុក្ខលំបាក និងតម្រូវការចាំបាច់របស់លោកតា លោកយាយ ចាស់ៗ ដែលមានជីវភាពលំបាកខ្សត់ខ្សោយ និងមួយវិញទៀត ដើម្បីផ្តល់នូវលទ្ធភាព ជាសម្ភារៈ សំលៀកបំពាក់ថ្មី និង ថវិកា ជូនលោកតា លោកយាយ សម្រាប់ប្រើប្រាស់ ក្នុងឱកាសខិតជិតមកដល់ នៃការអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើង ជាមួយលោកតា លោកយាយ ដែលមានជីវភាពលំបាកក្រីក្រ និងខ្សត់ខ្សោយចំនួន១៥០គ្រួសារ មកពី១០ភូមិ នៃឃុំខ្ពប។

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឍដីកា ពន្យល់អំពីអត្ថន័យ នៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រព លើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថា នឹងទទួលបាននូវបុណ្យកុសលល្អ ទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យ ផងដែរ ។

នៅក្នុងឱកាសនោះដែរ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិត ក្នុងការប្រារព្ធកម្មវិធី ស្រង់ព្រះនេះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រ ពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេស គឺអតិថិជន ព្រមជាមួយប្រិយមិត្ត របស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ច នូវសកម្មភាពសប្បុរសធម៍ ដ៏ប្រពៃនេះជាច្រើនឆ្នាំ រួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដប នៃផលិតផល វីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិ សម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានា ដែលមាន ទំនាក់ទំនង ទៅនឹង សសរស្តម្ភ ទាំង៤ រួមមាន ៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៍ជាដើម។ បន្ថែមពីនេះ លោកស្រី ក៏សូមចំណែកបុណ្យ កុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។

គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនលោកតាលោកយាយចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈ ១១មុខ ព្រមជាមួយថវិកា, ព្រះសង្ឈ ៦០អង្គ ក្នុងមួយអង្គៗទទួលបានទេយ្យវត្ថុចំនួន១១មុខ ព្រមជាមួយបច្ច័យ និងប្រគេនវត្តខ្ពប នៅសម្ភារៈជាច្រើនមុខផងដែល ។ វីតាល់សូមបន្តរក្សា នូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និងចូលរួមលើកតម្កើន ក្នុងគ្រប់សកម្មភាព សប្បុរសធម៍ សង្គម វប្បធម៍ មនុស្សធម៍ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀលដើម្បីមោទនភាព នៃផលិតផលជាតិ ៕