(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានប្រកាសពីការកើនឡើងប្រាក់ចំណូលប្រចាំខែ កើនឡើងខ្លាំងស្ទើរមិនគួរឲ្យជឿ ស្របពេលតម្រូវការបន្ទះឈីប AI កម្រិតខ្ពស់មានតម្រូវការខ្លាំង។ ជាពិសេស ក្នុងខែមីនាកន្លងទៅនេះ TSMC ទទួលបាន ប្រាក់ចំនួន១៩៥.២ពាន់លានដុល្លារតៃវ៉ាន់ ឬខ្ទង់ ៦.១ ពាន់លានដុល្លារ កើនឡើង ៣៤.៣% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាកំណើនលឿនបំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

TSMC គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោក ដែលជាអ្នកផលិតបន្ទះឈីប សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗដូចជា Apple និង Nvidia។ ប្រាក់ចំណូលក្នុងត្រីមាសទីមួយរបស់ក្រុមហ៊ុននេះ មានចំនួន ៥៩២.៦ពាន់លានដុល្លាតៃវ៉ាន់ កើនឡើង ១៦.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងតែមានសន្ទុះខ្លាំង ព្រោះតម្រូវការ AI។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងក៏កំពុងកើនឡើងនៅលើទីផ្សារបច្ចេកវិទ្យាផងដែរ ខណៈក្រុមហ៊ុន AMD បានដាក់ដំណើរការបន្ទះឈីប មកប្រជែងជាមួយ Nvidia កាលពីឆ្នាំមុន ខណៈពេលដែល Intel កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទើបតែបញ្ចេញបន្ទះឈីប AI ជំនាន់ចុងក្រោយរបស់ខ្លួនផងដែរ។

នៅក្នុងខែមករា ក្រុមហ៊ុន TSMC បាននិយាយថា ប្រាក់ចំណូល AI របស់ខ្លួន កំពុងកើនឡើង ៥០% ក្នុងមួយឆ្នាំ។ អ្នកវិភាគរំពឹងថា TSMC នឹងប្រកាសពីការកើនឡើង ២៣.៧% នៃប្រាក់ចំណូលសរុបនៅឆ្នាំនេះ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ LSEG៕