(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បានឡើងជួបគ្នាជាថ្មីនៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣-២០២៤ បន្ទាប់ពីក្រុមទាំងពីរ បានខកខានជួបគ្នាក្នុងវគ្គដ៏សំខាន់នេះប្រមាណ ១៦ឆ្នាំកន្លងមក។

សម្រាប់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគូប្រជែងបឹងកេត ទាំង ២ជើង ដោយលទ្ធផល ៤-៣ បន្ទាប់ពីបញ្ចប់ការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អតីតក្រុមជើងឯក ៤សម័យនេះ បានភ្លាត់ចាញ់ក្រុមជើងឯករងឆ្នាំចាស់បឹងកេត ២-១ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ការប្រកួតនេះ វគ្គទី១ បឹងកេតបាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន រកបានដោយកីឡាករ ម៉ាត់ នូរុណ និង ណុប ដេវីត ដែលជួយឲ្យបឹងកេត តាមស្មើព្រះខ័នរាជស្វាយរៀង ៣-៣ បើសរុបលទ្ធផលបណ្ដោះអាសន្ន ដែលពួកគេចាញ់ ៣-១ កាលពីជើងទី១។ ការណ៍នេះនាំឲ្យការប្រកួតកាន់តែស្វិតស្វាញរហូតដល់ចុងម៉ោង កីឡាករ សារ៉េត គ្រីយ៉ា ក៏រកបានគ្រាប់បាល់វាយបកឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់វិញនៅនាទី៩០ ដែលជាគ្រាប់បាល់បញ្ចប់ក្ដីសង្ឃឹមបឹងកេត និងជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

ដោយឡែកភ្នំពេញក្រោន ក៏បានធ្វើការងារធ្ងន់ផងដែរ មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយពួកគេបានយកឈ្នះក្រុមការពារតំណែងជើងឯកវិសាខា ៤-១ នៅម៉ោងបន្ថែម ១៥នាទី ២ដង ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃពុធម្សិលមិញនៅកីឡដ្ឋាន Smart RSN ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរ បានបញ្ចប់លទ្ធផលស្មើគ្នា ២-២ នៅទឹកដីវិសាខា។

ការប្រកួតនេះដែរ កីឡាករ Jonata Bastos បានរកគ្រាប់បាល់នាំមុខឲ្យវិសាខា តាំងពីនាទី២៩ ហើយក៏ស្ទើរជាគ្រាប់បាល់ជួយក្រុមខ្លួនឡើងវគ្គផ្ដាច់ព្រ័ត្រផងដែរ។ ប៉ុន្ដែឱកាសមាសនេះ បានបាត់បង់ទៅវិញត្រឹមចុងម៉ោង បន្ទាប់ពីខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន នៅនាទី៩០+១៥ ដែលនាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង និងជាឱកាសក្រុមម្ចាស់ផ្ទះ រកបាន ៣គ្រាប់បន្ថែម ដើម្បីជួយក្រោន ឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈវិសាខា បានត្រឹមសោកស្ដាយ ក្រោយសរុបលទ្ធផលទាំង ២ជើងចាញ់ក្រុមសិង្ហក្រហម ៦-៣។

នេះជាលើកទី៤ ហើយ ដែលភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រវត្តិពាន Hun Sen Cup បន្ទាប់ពីខកខានអស់រយៈពេល ១៤ឆ្នាំ ហើយក៏ជាលើកទី២ ដែលក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីក្រុមទាំងពីរ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរៀងៗខ្លួន កាលពីឆ្នាំ២០០៨ ដោយលទ្ធផលគ្រានោះ ភ្នំពេញក្រោន បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០។ សម្រាប់ការជួបគ្នាជាថ្មី ដើម្បីប្រជែងជើងឯកពានសម្ដេចតេជោ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសាខាងមុខ៕