(បរទេស)៖ សហព័ន្ធអត្តពលកម្មពិភពលោក (World Athletics) បានប្រកាសថា ខ្លួននឹងក្លាយជាសហព័ន្ធអន្តរជាតិដំបូងគេ ដែលនឹងផ្តល់រង្វាន់ជាទឹកប្រាក់នៅឯព្រឹត្តិការណ៍ Olympic Games។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ស្ថាប័នគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោកនេះបានលើកឡើងថា ប្រាក់រង្វាន់សរុបមាន ២.៤លានដុល្លារអាមេរិក (១.៩លានផោន) នឹងត្រូវប្រគល់ជូនសម្រាប់ព្រឹត្តិការណ៍ Olympics នារដូវក្តៅនេះ ក្នុងទីក្រុង Paris ប្រទេសបារាំង ដោយអ្នកដណ្តើមបានមេដាយមាស នឹងទទួលបានប្រាក់ ៥០,០០០ដុល្លារអាមេរិក។

​ប្រាក់រង្វាន់នេះ នឹងបន្តផ្តល់ជូនដល់អ្នកដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ សម្រាប់ព្រឹត្តិការណ៍ Olympics នៅទីក្រុង Los Angeles ឆ្នាំ២០២៨ ខាងមុខផងដែរ។

ប្រធានសហព័ន្ធ World Athletics លោក Lord Coe បានហៅការផ្តល់ប្រាក់រង្វាន់នេះថាជា «ពេលវេលាដ៏សំខាន់» ក្នុងការអភិវឌ្ឍវិស័យកីឡា។

សូមជម្រាបថា ប្រភេទកីឡាអត្តពលកម្ម នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១១ ខែសីហ ដែលមាន ៣វិញ្ញាសាធំៗ ចែកចេញជា ៤៨វិញ្ញាសាប្រកួត នៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ Summer Olympic Games ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសបារាំងតែមួយគត់៕