(ប៉ារីស)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានវាយបកយកជ័យជម្នះ ៣-២ ទៅលើម្ចាស់ផ្ទះ Paris Saint-Germain នាយប់មិញក្នុងប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងប្រកួត ៩០នាទីពេញនោះដែរនៃកីឡដ្ឋាន Parc des Princes ដែលស្ថិតក្នុងទីក្រុង Paris កីឡាករ Andreas Christensen ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៧៧ ក្រោយ ១៥នាទីពេលមិត្តរួមក្រុម Raphinha រកបានគ្រាប់តាមស្មើ ២-២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ PSG បាននាំមុខ ២-១ គិតចាប់តាំងនាទី៥១ មក។

គិតមកទល់នឹងពេលនេះ Raphinha ស៊ុតបាន ៨គ្រាប់ហើយឱ្យក្រុមអ្នកមានបុណ្យគ្រប់កម្មវិធីប្រកួតផងដែរនារដូវកាលនេះ ដ្បិតរូបគេក៏ជាអ្នករកបានគ្រាប់បែកពងមាន់ក្នុងប្រកួតនេះដែរ ពោលគឺនៅនាទី៣៧ និងក្លាយជាកីឡាករល្អដាច់គេ ប្រចាំការប្រកួតជើងទី១ នេះដែរ។

តាមរយៈជ័យជម្នះខាងលើនេះបានធ្វើឱ្យ Barcelona អតីតជើងឯក Champions League ៥សម័យកាល ដែលកំពុង ដឹកនាំ ដោយលោក Xavi Hernandez មានក្តីសង្ឃឹមក្នុងការលេងជើងទី២ នៅប្រទេសអេស្ប៉ាញ នារាត្រីថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Camp Nou ដើម្បីប្រជែងកៅអីឡើងទៅវគ្គ ៤ក្រុមជាបន្តទៀត៕