(ម៉ាឌ្រីដ)៖ Rodrigo de Paul សមាជិកឈ្នះជើងឯក World Cup 2022 ជាមួយអាហ្សង់ទីន ទើបរកបានគ្រាប់បាល់ដំបូងក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League ក្នុងប្រកួតដែល Atletico Madrid បានយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ២-១ ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋាន Estadio Metropolitano ខ្សែបម្រើប្រយុទ្ធ De Paul រកបានគ្រាប់នាំមុខភ្លាមៗ ត្រឹមចាប់ផ្តើមលេងបាន ៤នាទីប៉ុណ្ណោះ ដែលជាការឆក់យកបាល់បានពេល Ian Maatsen បានបរាជ័យក្នុងការបញ្ជូនឱ្យមិត្តរួមក្រុម ក្នុងប្រកួតដែលក្រុមមកពីអាល្លឹម៉ង់រងការដាក់សម្ពាធយ៉ាងខ្លាំងពីម្ចាស់ផ្ទះ Atletico។

ការប្រកួតនោះដែរបានអូសបន្លាយដល់នាទី៣២ ទើបខ្សែប្រយុទ្ធ Antoine Griezmann បោះបាល់ឱ្យខ្សែបម្រើ Dias Lino បំប៉ោងសំណាញ់ទីគ្រាប់ទី២ ទៀត នៅមុនពេលកីឡាករបម្រុង Sebastien Haller រកបានតែ ១គ្រាប់ឱ្យ Dortmund មុនត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំលេងជើងទី២ បញ្ចប់វគ្គ ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤។

សរុបជារួម សម្រាប់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UCL រដូវកាលនេះដែលមាន ៤ប្រកួតបញ្ចប់ជើងទី១ នេះផងដែរឃើញថា ក្រុមអេស្ប៉ាញទាំង ៣ក្រុម Real Madrid, FC Barcelona និង Atletico Madrid សុទ្ធតែលេងមិនចាញ់ ដ្បិត ២ក្រុមរបស់អាល្លឺម៉ង់គឺ Bayern Munihc និង Borussia Dortmund លេងស្មើ១ និងចាញ់១ ចំណែកឯ ២ក្រុមរបស់អង់គ្លេសវិញ ស្មើទាំង ២តែម្តងចំពោះ Arsenal និងក្រុមការពារតំណែងជើងឯក Manchester City ខណៈ ១ក្រុមរបស់បារាំង Paris Saint-Germain បានបាញ់ FC Barcelona ៣-២៕