(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ២រូប គឺកីឡាករ ហេង វុទ្ធី និងកីឡាការនី ឌិត សំណាង ដែលដឹកនាំដោយគ្រូបង្វឹកអ្នកស្រី ចូវ សុធារ៉ា ចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី និងវគ្គជម្រុះអាស៊ី (OG) ឆ្នាំ២០២៤ នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ចាប់ពីថ្ងៃទី១១-២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី នឹងធ្វើឡើងពីថ្ងៃទី១១-១៦ ខែមេសា ខណៈការប្រកួតកីឡាចំបាប់វគ្គជម្រុះអាស៊ី OG នឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-២១ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះកីឡាករ ហេង វុទ្ធី នឹងប្រកួតលើវិញ្ញាសាបុរស Freestyle ប្រភេទទម្ងន់ ៨៦គីឡូក្រាម និងកីឡាការិនី ឌិត សំណាង នឹងធ្វើការប្រកួតលើវិញ្ញាសារចំបាប់នារី ប្រភេទទម្ងន់ ៥០គីឡូក្រាម ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជូនកីឡាករ-កីឡាការិនីទៅកាន់ទីក្រុង Bishkek លើកនេះ គឺជាការសរបញ្ជាក់ឲ្យឃើញពីការប្រឹងប្រែងរបស់សហព័ន្ធចំបាប់ ក្នុងការអភិវឌ្ឍកីឡាចំបាប់នៅកម្ពុជា។ តាមរយៈការផ្តល់ឱកាស ដើម្បីហ្វឹកហាត់ និងប្រកួតប្រជែងកម្រិតអន្តរជាតិនេះ សហព័ន្ធកំពុងជួយឲ្យក្រុមជម្រើសជាតិកម្ពុជា បានពង្រឹងជំនាញរបស់ខ្លួន ហើយឈានទៅរកគុណភាពមួយដែលឈានទៅមុនប្រទេសជិតខាង។

មន្ដ្រីជាន់កីឡាចំបាប់ជាន់ខ្ពស់ដដែលបន្ដថា «ការចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ គឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើន នៃកីឡាចំបាប់នៅកម្ពុជា ដោយអនុញ្ញាតឲ្យកីឡាករ-កីឡការិនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍន៍ស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយខិតខំដូចកីឡាករ-កីឡការិនីទាំង ២រូបនេះ ដើម្បីអាចទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិដូចពួកគេដែរ។ ខ្ញុំមានទំនុកចិត្តថាការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនដើម្បីកីឡាស៊ីហ្គេម ឆ្នាំក្រោយនៅប្រទេសថៃ»