(ឡុងដ៍)៖ អ្នកចាត់ការក្លិប Wolverhampton Wanderers លោក Gary O'Neil ត្រូវបានចោទប្រកាន់ពីបទបង្ហាញអាកប្បកិរិយា «គំរាមកំហែង» ទៅលើអាជ្ញាកណ្តាល ក្នុងការប្រកួតចាញ់ ២-១ របស់ពួកគេនៅ Premier League ពេលប៉ះ West Ham United កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អង់គ្លេស (FA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក O'Neil មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលគ្រាប់បាល់តាមស្មើចុងម៉ោងរបស់កីឡាករ Max Kilman ត្រូវបានបដិសេធ បន្ទាប់ពីការត្រួតពិនិត្យតាម VAR ថាបាល់ស្ថិតនៅជំហរក្រៅល្បែង (Offside)។

លោក O'Neil បានហៅការសម្រេចរបស់អាជ្ញាកណ្តាលជារឿងអាស្រូវ និងគួរឱ្យរន្ធត់ ខណៈប្រធានក្លិប Wolves លោក Jeff Shi បានស្នើឱ្យ Premier League និងអាជ្ញាកណ្តាល រក្សាភាពសុចរិតក្នុងលីគ។

«វាជាការចោទប្រកាន់ បន្ទាប់ពីការប្រកួត។ ភាសា ឬក៏អាកប្បកិរិយារបស់លោក O'Neil នៅក្នុង និងជុំវិញបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់មន្ត្រីការប្រកួត មានភាពមិនសមរម្យ និង/ឬក៏ជាការគំរាមកំហែង»។ FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក O'Neil មានពេលវេលារដូវដល់ថ្ងៃចន្ទ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះ។

សូមជម្រាបថា Wolves ដែលស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងលីគ Premier League នោះ នឹងធ្វើដំណើរទៅជួបក្លិប Nottingham Forest នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕