(ឡុងដ៍)៖ អ្នកចាត់ការក្លិប Burnley លោក Vincent Kompany ត្រូវរងការហាមឃាត់ ២ប្រកួត បន្ទាប់ពីការទទួលបានកាតក្រហមរបស់លោក ក្នុងពេលប្រកួតប៉ះក្លិបតោខៀវ Chelsea កាលពីថ្ងៃទី៣០ ខែមីនា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោកនឹងត្រូវរងពិន័យហាមឃាត់ ១ប្រកួតភ្លាមៗ ជាមួយនឹងការហាមឃាត់ ១ប្រកួតទៀតនឹងធ្វើឡើងនៅចុងឆ្នាំ។

លោក Kompany ត្រូវបានបណ្តេញចេញពីការប្រកួត ពីបទតវ៉ានឹងការសម្រេចចិត្តផ្តល់បាល់ពិន័យរបស់អាជ្ញាកណ្តាល។

បុរសសញ្ជាតិបែលហ្ស៊ិករូបនេះ ក្រោយមកបានលើកឡើងថា ស្តង់ដារអាជ្ញាកណ្តាលក្នុងលីគ Premier League នៅរដូវកាលនេះ​ «មិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ»។

អតីតប្រធានក្រុមក្លិប Manchester City វ័យ ៣៨ឆ្នាំ ដែលបានសារភាពថា បានប្រព្រឹត្តខុសរូបនេះ ក៏បានរងការពិន័យជាទឹកប្រាក់ចំនួន ១០,០០០ផោនផងដែរ។

ក្លិប Burnley កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Premier League ដាច់ ៦ពិន្ទុពីតំបន់សុវត្ថិភាព។

ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Brighton នាកីឡដ្ឋាន Turf Moor នៅថ្ងៃសៅរ៍ស្អែកនេះ ដោយពុំមានវត្តមានលោក Kompany៕