(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងពិសាអាហារសាមគ្គីរបស់គ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុប ៣,៨១២នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រីនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)​ ។

ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង លោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី​ គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យប៊ែលធី គ្រុប មានការរីកចម្រើន ជាបន្តបន្ទាប់ចាប់តាំងពីប៊ែលធី មានតែ១ទីតាំង រហូតដល់បច្ចុប្បន្នមាន៣២ទីតាំង ក្នុងនោះ៖

១- សាលា ប៊ែលធី អន្តរជាតិ មាន ៣០ទីតាំង (២៧សាខាកំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) មានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ មានកម្មវិធីសិក្សា ៥ធំៗ គឺ៖ ១-ចំណេះទូទៅ, ២-ភាសាអង់គ្លេសទូទៅ (ESL Program), ៣-កម្មវិធីភាសាចិនទូទៅ, ៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។
២- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង៖

-ទីតាំងទី១ ទួលស្លែង៖ អគារ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)
-ទីតាំងទី២ ស្ពានអាកាសចោមចៅ៖ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខង-៧០)

មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត និងមាន ១២មហាវិទ្យាល័យ ៤២ជំនាញ។

តាងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងអស់ ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងបានផ្តល់ ឱកាសយ៉ាងពេញលេញ ដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល។ ជាពិសេស រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកំណត់យក «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕