(បរទេស)៖ iPhone 17 Pro ដែលនឹងចេញនៅឆ្នាំ២០២៥ អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មី ទំហំត្រឹម 2nm របស់ក្រុមហ៊ុនតៃវ៉ាន់ TSMC។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tech News នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

យោងតាមការចេញផ្សាយ ដែលបានមកពីប្រភពបែកធ្លាយ បានបង្ហើបថា Apple ធ្លាប់បានទិញបន្ទះឈីបជំនាន់ដំបូង ប៉ុន្តែគេមិនដឹងបរិមាណនៃការបញ្ជារទិញនោះទេ។ Apple នៅតែជាក្រុមហ៊ុនតែមួយគត់ ដែលផ្តល់បន្ទះឈីបបែបនេះ ជាមួយនឹងបច្ចេកវិទ្យាដំណើរការ 3nm។ ក្រុមហ៊ុនតៃវ៉ាន់ TSMC ក៏ត្រូវបានគេដឹងថានឹងធ្វើការផលិតសាកល្បងក្នុងទំហំតូចសម្រាប់បច្ចេកវិទ្យាបន្ទះឈីបទំហំតូចថ្មី 2nm Process របស់ខ្លួន ហើយទំនងជាបញ្ចេញ ផ្លូវការ សម្រាប់បច្ចេកវិទ្យាបន្ទះឈីបថ្មីនេះនៅចុងឆ្នាំ២០២៤។ ដោយឡែកងាកមក សង្វាក់ផលិតទ្រង់ទ្រាយធំនៃបច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ជាឆ្នាំនៃការបង្ហាញវត្តមានរបស់ទូរស័ព្ទ iPhone 17 Series របស់ Apple។

ពាក្យចចាមអារ៉ាមនេះកើតមានឡើង ចំពេល Apple ត្រូវបានគេរាយការណ៍ថា បានធ្វើការយ៉ាងជិតស្និតជាមួយ TSMC ជុំវិញការអភិវឌ្ឍន៍បន្ទះឈីបថ្មីដែលមានទំហំត្រឹម 2nm។ ក្រៅតែពីការប្រើសម្រាប់ iPhone 17 Pro Series ហើយ បច្ចេកវិទ្យាបន្ទះឈីបស្តង់ដារខ្នាត 2nm ក៏នឹងបន្តឥទ្ធិពលដល់សង្វាក់ផលិតបន្ទះឈីប Apple Silicon Mac Chip ថែមទៀតផង។ តែយ៉ាងណា សម្រាប់ iPhone 16 Series និង iOS18 ដែលត្រៀមបង្ហាញខ្លួននៅមុនដំណាច់ឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងមានការផ្តោតសំខាន់បំផុតទៅលើប្រព័ន្ធបច្ចេកវិទ្យា AI Generative ជាជាងការប្តូរមកប្រើបន្ទះឈីបជំនាន់់ថ្មីខ្នាត 2nm។

គួរជម្រាបថា ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់តៃវ៉ាន TSMC បានធ្វើការប្រកាសពីដំណើរការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីមានទំហំត្រឹម 2nm កាលពីឆ្នាំ២០២២ ហើយ iPhone 17 Series ត្រូវបានប្រកាសថា នឹងក្លាយជាទូរស័ព្ទដំបូងគេ ដែលនឹងប្រើបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីនេះ៕