(អឺរ៉ុប)៖ ពេលនេះលោក Unai Emery បានឈានដល់ការដឹកនាំក្រុមលេងលើកទី១០០០ ក្នុងអាជីពគ្រូបង្វឹករបស់លោក ជាមួយការដឹកនាំក្រុម Aston Villa យកឈ្នះទៅលើក Lille ២-១ ក្នុងប្រកួតជើងទី១ ពានរង្វាន់លីគទី៣ អឺរ៉ុប Europa Conference League វគ្គ ៨ក្រុមចុងក្រោយ។

ស្ថិតក្នុងការប្រកួតនោះ ការលេងបានត្រឹម ១៣នាទីក្លិប Aston Villa បើកការនាំមុខដោយកីឡាករ Ollie Watkins និងកីឡាករ John McGinn ទៅលើក្រុមមកពីលីគបារាំង Lille ដែលពួកគេរកបាន ១គ្រាប់វិញនៅនាទី៨៤ ដោយកីឡាករ Bafode Diakite សម្រាប់ជើងទី១ ធ្វើឡើងនៅទឹកដីកីឡដ្ឋាន Villa Park ដែលប្រកួតជើងទី២ រៀបចំនៅទឹកដីបារាំង នាថ្ងៃទី១៨ ខែមេសានេះ។

ហើយនេះក៏ជាការកត់សម្គោលមួយរបស់អ្នកចាត់ការ Unai Emery ក្នុងការរកបានជ័យជម្នះនៅការដឹកនាំការប្រកួតលើកទី១០០០ របស់លោកនាមជាគ្រូបង្វឹក គិតចាប់តាំងពីផ្តើមអាជីពនេះ កាលឆ្នាំ២០០៤ ដល់បច្ចុប្បន្ន ដែលសរុបមានដល់ទៅ ៥៣៦លើកនៃការឈ្នះ។

Aston Villa បានឈ្នះការប្រកួតក្នុងទឹកដីទាំង ៦លើករបស់ពួកគេនៅក្នុងពាន Europa Conference League រដូវកាលនេះ ជាមួយការស៊ុតបញ្ចូលទីបាន ១៤គ្រាប់ផងដែរខណៈដែលនេះជាការព្យាយាមដេញតាមយកពានរង្វាន់អឺរ៉ុប ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៨២ ដែលធ្លាប់ឈ្នះ European Cup (បច្ចុប្បន្ន UEFA Champions League) និងពាន European Super Cup (បច្ចុប្បន្ន UEFA Super Cup)៕