(លីវើភូល)៖ ហង្សក្រហម Liverpool បានលេងចាញ់ក្រុមភ្ញៀវ Atalanta មកពីអ៊ីតាលី ៣-០ នៃជើងទី១ វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2023-2024 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋាន Anfield ប្រទេសអង់គ្លេស Liverpool បានរក្សាសំណាញ់មិនឱ្យគេស៊ុតចូល (clean sheet) តែ ១លើកប៉ុណ្ណោះ ក្នុងចំណោមលេង ១៤ប្រកួតសរុបគ្រប់កម្មវិធីក្នុងដីរបស់ខ្លួនរដូវកាលនេះ។

ការរបូត ៣គ្រាប់ ដោយមិនអាចតដៃវិញផងនោះ បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ដែលបានប្រកាសលាឈប់ ក្រោយបញ្ចប់រដូវកាលនេះឈានដល់មាត់ជ្រោះ មុនពេលលេងជើងទី២ ក្នុងដីរបស់ Atalanta នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ៤ក្រុម។

ក្នុងជំនួប ៩០នាទីនោះដែរ Gianluca Scamacca អតីតខ្សែប្រយុទ្ធ West Ham ជាអ្នករកបានតែ ១គ្រាប់នៅមុនពេលបញ្ចប់វគ្គទី១ និងបន្ថែមគ្រាប់ទី២ របស់គេទៀតនៅនាទី៦០ មុនពេលអតីតកីឡាករ Chelsea គឺ Mario Pasalic ជាអ្នករកបានគ្រាប់ទី៣ សម្រាប់ក្រុមមកពីលីគ Serie A នៅនាទីចុងម៉ោង។

ក្រុមដែលបានឆ្លងផុតវគ្គ ៨ក្រុមចុងនេះដែរ នឹងឡើងទៅប៉ះ Marseille ឬក៏ Benfica សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ស្របពេល Benfica ក៏បានយកឈ្នះ Marseille ២-១ មុនពេលធ្វើដំណើរទៅប្រទេសបារាំងវិញនាសប្តាហ៍ក្រោយ ដើម្បីលេងបញ្ចប់ជើងទី២៕