(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុនអុីនធឺណិត TODAY បានរៀបចំនូវកម្មវិធីសង្ក្រាន្តគ្រួសារតាមបែបប្រពៃណីជាតិ ខ្មែរដើម្បីជាការរំឭកនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាពោលពេញទៅដោយភាពសប្បាយរីករាយ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃចាប់ផ្តើមនៃប្រតិទិនចន្ទគតិ និងជាពិធីបុណ្យវប្បធម៌ដ៏សំខាន់បំផុត មួយនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ក្រុមហ៊ុនអុីនធឺណិត TODAY ទទួលស្គាល់ចំពោះសារៈសំខាន់នៃការឱប ក្រសោប និងអបអរសាទរភាពចម្រុះនៃវប្បធម៌នៅក្នុងកន្លែងធ្វើការ។ ពិធីជប់លៀងបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសមួយសម្រាប់បុគ្គលិកបានជួបជុំគ្នា ចែករំលែកនូវភាពសម្បូរបែបនៃប្រពៃណីខ្មែរ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព។

ព្រឹត្តិការណ៍នេះមានជាសកម្មភាពរៀបចំជាស្តង់ម្ហូបអាហារបែបខ្មែរ ការតុបតែង និងរចនាបទតាមបែបប្រពៃណី មានជាការលេងល្បែងប្រជាប្រិយមានដូចជា ទាញព្រ័ត លោតបាវ និងលាក់កន្សែងជាដើម។ លើសពីនេះដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រុមហ៊ុនក៏មានរៀបចំជាកម្មវិធីទាត់បាល់លក្ខណៈ មិត្តភាព ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកក៏ដូចជាផ្តល់ឱកាសដល់ក្រុមការងារអាចនាំយកប្តី ប្រពន្ធ កូន ឬសង្សារមកចូលរួមជាមួយ ដែលសរុបអ្នកចូលរួមប្រមាណជិត ៣០០នាក់។

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ដៃគូរអាជីវកម្ម និងភ្ញៀវកិត្តិយសជា ច្រើនទៀត។

លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុីនធឺណិត TODAY បានមានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររបស់យើង ដោយគោរពប្រពៃណី និងទំនៀមទម្លាប់ដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់សហសេវិក និងសហគមន៍ខ្មែររបស់យើង។ ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់វប្បធម៌នៅកន្លែងធ្វើការដែលរួមបញ្ចូល និងគាំទ្រដោយបុគ្គលិកគ្រប់រូបដែលពួកគាត់ទទួលបាននូវអារម្មណ៍ថាមានតម្លៃ និងការគោរព»

លោក យូសុះ បានបន្ថែមទៀតថាពិធីសង្រាន្តគ្រួសាររបស់ក្រុមហ៊ុនអុីនធឺណិត TODAY គូសបញ្ជាក់ពីការ យកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ភាពចម្រុះ សមធម៌ និងការធ្វើការក្នុងស្ថាប័ន៕