(អ៊ីស្តង់ប៊ូល)៖ ក្លិបបាល់ទាត់អាជីព Fenerbahce របស់ប្រទេសតួកគី ត្រូវបានសហព័ន្ធពិន័យជាទឹកប្រាក់ប្រមាណ ១២៣,៥០០ដុល្លារអាមេរិក និងកាត់ឱ្យចាញ់ Galatasaray ៣-០ ផងដែរ ដោយសារកីឡាករឈុត U-19 របស់ខ្លួនបានដើរចេញពីទីលាន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ តួកគី Turkey Super Cup 2023-2024 កាលពីរាត្រីថ្ងៃអាទិត្យនោះ ក្រុមកីឡាករ Fenerbahce បាននាំគ្នាដើរចេញពីលានបោះបង់ការប្រកួតតែម្តង ដើម្បីជាការតវ៉ាប្រឆាំងទៅនឹងការរៀបចំរបស់សហព័ន្ធនារដូវកាលនេះ។

ជាមួយគ្នានោះ Fenerbahce ដែលមានកៅអីលេងក្នុងលីគកំពូលតួកគី ក៏បានសំដែងការមិនពេញចិត្តទៅនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលតួកគី ជាមួយនឹងគម្រោងការចាកចេញពីលីគនារដូវកាលក្រោយទៀតផង។

ក្លិបដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Istanbul មួយនេះបានស្នើឱ្យមានការដាក់ពិន័យអាជ្ញាកណ្តាលជនបរទេសដែលបានដឹកនាំការប្រកួត ប៉ុន្តែសហព័ន្ធបាល់ទាត់តួកគី ពុំបានអើពើទៅនឹងសំណើនេះទេ បូករួមទាំងសំណើសុំពន្យារពេលប្រកួតលីគជាដើម៕