(ម៉ូនិច)៖ Bayer Leverkusen នៅតែជាក្រុមតែ ១គត់ដែលលេងមិនទាន់ចាញ់ឡើយនារដូវកាលនេះ តាមរយៈយក ឈ្នះញញួរធំ West Ham United ២-០ នៅពាន UEFA Europa League នាយប់មិញក្នុងប្រកួតទី៤២ របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Jonas Hofmann ដែលលេងក្នុងនាមកីឡាករបម្រុង បានផ្តើមរកបានគ្រាប់ទី១ នៅនាទី៨៣ មុនពេលមិត្តរួមក្រុម Victor Boniface ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៩០+១ ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ UEL ដើម្បីបង្កើនកំណត់ត្រាលេង ៤២ប្រកួតគ្រប់កម្មវិធីទាំងអស់មិនចាញ់ឡើយ ក្រោមការបង្វឹករបស់លោក Xabi Alonso ក្នុងរដូវកាលដំបូងរបស់លោកផងដែរ នៅប្រទេសអាល្លឺម៉ង់ ដែលធ្លាប់លេងឱ្យ Bayern Munich កាលនៅជាកីឡាករ។

តែយ៉ាងណា សម្រាប់លោក David Moyes គ្រូបង្វឹក West Ham បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា «ការប្រកួតពុំទាន់បញ្ចប់ទេ ដ្បិតពួកយើងបានរបូត ២គ្រាប់ចុងម៉ោងនៅក្រៅផ្ទះក្តី។ ពួកយើងនៅមានឱកាស ក្នុងការលេងជើងទី២ នៅអង់គ្លេសនាសប្តាហ៍ក្រោយ»

គួរបញ្ជាក់ផងថា Europa League ហាក់នៅរាងឆ្ងាយសម្រាប់ Leverkusen ដ្បិតពួកគេបានឈានដល់ផ្តាច់ព្រ័ត្រពានលំដាប់ទី២ អាល្លឺម៉ង់ German Cup និងត្រូវការជ័យជម្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការលើកពានលីគកំពូល Bundesliga រដូវកាលនេះ ដោយនៅសល់ ៦ប្រកួតបិទរដូវកាលឆ្នាំ២០២៣-២០២៤៕