(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា តុលាការរុស្ស៊ីបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Google ប្រឆាំងនឹងការផាកពិន័យចំនួន ៤៩.៩លានដុល្លារ ដែលទាក់ទងនឹងខ្លឹមសារអំពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការផាកពិន័យនេះ ត្រូវបានដាក់សម្រាប់ការខកខានរបស់ Google ក្នុងការលុបមាតិកា ដែលចាត់ទុកថាក្លែងក្លាយ ដោយអាជ្ញាធររុស្ស៊ីទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ បន្ថែមពីលើនេះ ការផាកពិន័យ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការចោទប្រកាន់របស់ Google លើការផ្សព្វផ្សាយខ្លឹមសារជ្រុលនិយម និងអ្វីដែលរុស្ស៊ីចាត់ទុកថាជាការឃោសនា LGBT ផងដែរ ។

ទោះបីជាមានការពិន័យនេះក៏ដោយ Google មិនបានផ្តល់នូវការឆ្លើយតបភ្លាមៗចំពោះការសម្រេចចិត្តរបស់តុលាការនោះទេ។

ដូចដែលរបាយការណ៍ចេញផ្សាយកន្លងមក ជម្លោះរវាងរុស្ស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស រួមទាំង Google បានកើនឡើងជុំវិញបញ្ហាដូចជា ខ្លឹមសារ ការត្រួតពិនិត្យ ទិន្នន័យ និងការតំណាងក្នុងតំបន់ ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

គួរជម្រាបដែរថាការផាកពិន័យនេះ ត្រូវបានគណនាដោយផ្អែកលើភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Google នៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុននេះ ត្រូវបានប្រគល់ការពិន័យដោយផ្អែកលើប្រាក់ចំណូលស្រដៀងគ្នាចំនួន ៧.២ពាន់លានរូប្លែនៅចុងឆ្នាំ២០២១ និង ២១.១ពាន់លានរូប្លែក្នុងខែសីហា ឆ្នាំ២០២២៕