(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនមេ Alphabet បាននិយាយថា Google នឹងបោះទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារ ដើម្បីបង្កើនការតភ្ជាប់ឌីជីថលរវាងសហរដ្ឋអាមេរិក និងជប៉ុន តាមរយៈខ្សែកាបបាតសមុទ្រថ្មីចំនួនពីរ។ ខណៈការលើកឡើងនេះ ស្របពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនទំនាក់ទំនងកាន់តែជិតស្និតវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Google ផ្ទាល់បានសរសេរនៅក្នុងការបង្ហោះប្លុកថ្មីមួយថា ខ្សែកាបបាតសមុទ្រពីរដែលខ្លួនកំពុងបោះទុននោះគឺ Pora និង Taihei ហើយវានឹងធ្វើឱ្យការតភ្ជាប់ឌីជីថល រវាងសហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសផ្សេងទៀត រួមទាំងដែនដីកោះប៉ាស៊ីហ្វិកជាច្រើន កាន់តែល្អប្រសើរ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងជប៉ុននៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីផែនការរបស់ពួកគេក្នុងការសហការ ជាមួយដៃគូដែលមានគំនិតដូចគ្នា ដើម្បីបង្កើតបណ្តាញដែលអាចទុកចិត្តបាន និងមានភាពធន់ជាងមុន ដោយការរួមចំណែកមូលនិធិដើម្បីផ្តល់ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ដោយឡែកគំនិតផ្តួចផ្តើមនេះ ត្រូវបានគេឱ្យដឹងថា បានមកពីការប្តេជ្ញាចិត្តផ្តល់មូលនិធិរួមគ្នារវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីសម្រាប់ខ្សែកាបក្រោមសមុទ្រដែលបានធ្វើឡើងកាលពីខែតុលាឆ្នាំមុន។

គួររំលឹកដែរថា សហរដ្ឋអាមេរិកបានសន្យាកាលពីឆ្នាំមុន ដើម្បីរួមគ្នាផ្តល់មូលនិធិដល់ខ្សែកាបក្រោមបាតសមុទ្រចំនួនពីរដែលត្រូវបានសាងសង់ដោយ Google ដោយភ្ជាប់ទឹកដីរបស់សហរដ្ឋអាមេរិកនៃកោះ Guam ជាមួយនឹងមជ្ឈមណ្ឌលនៅ Fiji និង French Polynesia និងពង្រីកបន្ថែមទៀតនៅទូទាំងកោះដាច់ស្រយាលប៉ាស៊ីហ្វិក។

ក្រុមហ៊ុន Google បានគូសបញ្ជាក់ថា ខ្សែកាបក្រោមបាតសមុទ្រដែលមានឈ្មោះថា Proa នឹងតភ្ជាប់រវាងសហរដ្ឋអាមេរិក ជប៉ុន កោះCNMI និង Guam ខណៈដែលខ្សែកាបបាតសមុទ្រដែលមានឈ្មោះ Taihei នឹងតភ្ជាប់សហរដ្ឋអាមេរិក ជប៉ុន និងកោះហាវ៉ៃ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការសហការជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុន រួមមាន KDDI, Arteria Networks, Citadel Pacific និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅហ្វីលីពីន និង CNMI ដើម្បីកែលម្អការតភ្ជាប់ឌីជីថលនៅក្នុងតំបន់៕