(ឡុងដ៍)៖ កីឡាករ Enzo Fernandez និង Axel Disasi ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរងរបួស ដែលកំពុងមានចំនួនកើនឡើងរបស់ក្លិបតោខៀវ Chelsea ហើយស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ជំនួបលីគ Premier League ប៉ះ Everton នាថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈខ្សែការពារ Ben Chilwell បានវិលត្រឡប់ចូលហ្វឹកហាត់វិញ។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Mauricio Pochettino ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

Chelsea មានកីឡាករឈុតដំបូងចំនួន ១១នាក់ បានអវត្តមានពីសកម្មភាព ក្នុងនោះរួមទាំងខ្សែបម្រើស្លាប Raheem Sterling និងអ្នកចាំទី Robert Sanchez ផងដែរ ដោយសារមានជំងឺ។

«Enzo និង Disasi មានបញ្ហាផ្សេងគ្នា។ យើងមិនរំពឹងថា ពួកគេមានបញ្ហាធំនោះទេ ប៉ុន្តែពួកយើងនឹងចាំមើល ថាតើពួកគេអាចចូលលេងបានឬអត់»។ លោក Pochettino បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រ។

លោកបន្ថែមថា ពួកគេទាំងពីរនាក់ មិនបានចូលហ្វឹកហាត់នោះទេ ចាប់តាំងពីការប្រកួតស្មើ ២-២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនទល់នឹង Sheffield United។

អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ បានលើកឡើងថា វិបត្តិកីឡាកររបួសរបស់ Chelsea គឺជាហេតុផលមួយ ក្នុងចំណោមហេតុផលសំខាន់ ធ្វើឱ្យខ្វះខាតស្ថិរភាពរបស់ក្លិបក្នុងរដូវកាលនេះ។

​សូមជម្រាបថា Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគ Premier League ដោយមាន ៤៤ពិន្ទុ៕

https://www.channelnewsasia.com/sport/chelseas-fernandez-disasi-injured-ahead-everton-clash-says-pochettino-4261471