(មេនឆេស្ទឺ)៖ ការអវត្តមាននៃកីឡាករសំខាន់ៗនៅតំបន់ការពារ បានប៉ះពាល់ផលអវិជ្ជមាន លើរដូវកាលរបស់ក្លិប Manchester United។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើង ខណៈលោកបន្តទប់ទល់នឹងវិបត្តិរបួស នៅក្លិបដែលលេងនៅលីគ Premier League នេះ ជាមួយនឹងខ្សែការពារចំនួន ៦នាក់ មិនអាចចូលលេងបាន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

ខ្សែការពារ Raphael Varane និង Jonny Evans ត្រូវបានដាក់បញ្ចូលថ្មីចុងក្រោយគេ ក្នុងបញ្ជីឈ្មោះកីឡាកររងរបួសរយៈពេលយូរនៅ United ខណៈកីឡាករទាំង ២រូបនេះ បានចូលរួមជាមួយខ្សែការពារកណ្តាល Lisandro Martinez និងកីឡាករ Victor Lindelof និងខ្សែការពារឆ្វេង Luke Shaw ព្រមទាំងខ្សែការពារ Tyrell Malacia ដែលត្រូវអវត្តមាន។

«វាពិតជាលំបាកខ្លាំងណាស់»។ លោក Ten Hag បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ។

United ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគ មាន៤៩ពិន្ទុនោះ នឹងត្រូវធ្វើដំណើរទៅជួបក្លិប Bournemouth នៅថ្ងៃសៅរ៍នេះ៕