(បរទេស)៖ យោងតាមស្ថិតិពី Late Finance បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន BYD រកបានប្រាក់ចំណេញសុទ្ធជាមធ្យម ៩០០០យន់ ប្រហែល ១២៥០ដុល្លារអាមេរិក ពីការលក់រថយន្តក្នុងមួយគ្រឿង ខណៈដែល Tesla រកបានជាង ៨២៥០ដុល្លារក្នុងមួយគ្រឿង។

ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ បាននិងកំពុងប្រើប្រាស់យុទ្ធសាស្ត្រទន្ទ្រានយកចំណែកទីផ្សារ ជាជាងការស្វែងរកប្រាក់ចំណេញ។

នៅក្នុងប្រទេសចិន មានក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតរថយន្តជាច្រើន ដូច្នេះដើម្បីទទួលបានចំណែកទីផ្សារខ្ពស់ ពួកគេបានប្រើយុទ្ធសាស្ត្រលក់បញ្ចុះតម្លៃ និងយុទ្ធសាស្ត្រមួយចំនួនទៀត ហើយយុទ្ធសាស្ត្រនេះមិនមែនប្រើតែក្នុងទីផ្សារចិនប៉ុណ្ណោះទេ ពួកគេបានប្រើវាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនទទួលបានចំណែកទីផ្សារ ប៉ុន្តែមិនមែនមានន័យថា ផលិតផលរបស់ពួកគេមិនល្អនោះទេ ពោលគឺពួកគេព្យាយាមជ្រៀតចូលក្នុងទីផ្សារជាមួយអត្រានៃការទទួលបានប្រាក់ចំណេញទាបបំផុត។

កាលពីឆ្នាំមុន BYD លក់រថយន្តបានជិត ៣លានគ្រឿងនៅក្នុងទីផ្សារប្រទេសចិន ខណៈ Tesla លក់បានត្រឹមតែជាង ៦០ម៉ឺនគ្តឿងប៉ុណ្ណោះ។

ត្បិតតែប្រាក់ចំណេញ BYD នៅក្នុងឆ្នាំ២០២៣ ទាប ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩មក ទុនបម្រុងរបស់ BYD បានកើនឡើង ៨ដង៕