(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City បានលើកឡើងថា រូបលោកនឹងទុកឱ្យ Rodri សម្រាក ប្រសិនបើគាត់ចង់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងកីឡាករអន្តរជាតិអេស្ប៉ាញ Rodri ដែលបានថ្លែងក្រោយចប់ប្រកួត UEFA Champions League ជើងទី១ វគ្គ ៨ក្រុមទល់នឹង Real Madrid ដោយទទួលបានលទ្ធផលស្មើ ៣-៣ កាលពីរាត្រីថ្ងៃពុធ ថា រូបលោកចង់មានពេលសម្រាកខ្លះ បន្ទាប់ពីចូលលេងបានចំនួន ៤១ប្រកួតច្រើនជាងគេក្នុងក្លិបសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ រួចមក។

ជាការឆ្លើយតប លោក Pep បានថ្លែងថា «ប្រសិនបើកីឡាករណាចង់សម្រាក ខ្ញុំនឹងយល់ព្រមភ្លាម។ វាជារឿងសាមញ្ញបំផុតហើយសម្រាប់ខ្ញុំ»។

Rodri ទំនងជាគ្មានវត្តមានឡើយ នៅពេលក្រុមការពារតំណែងជើងឯក Man City ស្វាគមន៍ក្រុមលេខ៣ រាប់ពីបាតតារាង Premier Leageue គឺ Luton Town នៅរាត្រីថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ នេះ។ រូបគេទើបតែបានអវត្តមាន ៤ប្រកួតធំៗផងដែរនារដូវកាលនេះ ដែលធ្វើឱ្យក្រុមមេឃខៀវមួយនេះចាញ់ទាំង ៤ប្រកួតផងដែរ។

ខ្សែបម្រើប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានក្លាយជាកីឡាករទី៤ នៅទូទាំង ៥លីគអឺរ៉ុបដែលចូលលេងបានច្រើនជាងគេរដូវកាលនេះ ក្នុងនាមកីឡាករអេស្ប៉ាញ ដោយតាមពីក្រោយខ្សែការពារ Arsenal គឺ William Saliba លេងបាន ៤២ប្រកួត និងអ្នកចាំទី ២រូបផ្សេងទៀត៕