(ក្រុងឡុងដ៍)៖ បណ្តាក្លិបលេងនៅលីគ Premier League បានចាយលុយទៅលើភ្នាក់ងារទិញ-ដូរកីឡាករអស់ប្រមាណ ៤០៩.៥លានផោន ក្នុងរយៈពេល ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងរបាយការណ៍ចំណាយប្រចាំឆ្នាំដែលត្រូវបានចាប់គិតពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែនេះវិញឆ្នាំ២០២៤ តោខៀវ Chelsea បានចាយលុយច្រើនជាង ៧៥លានផោនលើសគេ តាមពីក្រោយក្រុមមេឃខៀវ Manchester City ដែលចាយអស់ ៦០លានផោន ដ្បិត Luton Town ដែលទើបឡើងមកលេងលីគ PL រដូវកាលនេះចំណាយអស់ថ្លៃសេវាតិចជាងគេ មានត្រឹមតែជាង ២លានផោនប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា Chelsea ដែលមាន ៤៤ពិន្ទុ ឈរនៅលេខ៩ ក្នុងលីគជាបណ្តោះអាសន្ននោះ បានចំណាយលុយអស់ជាង ១ពាន់លានដុល្លារហើយទៅលើការទិញ-ដូរកីឡាករ គិតចាប់តាំងពីមហាសេដ្ឋីអាមេរិក លោក Todd Boehly បានចូលគ្រប់គ្រងក្លិបនេះ ២ឆ្នាំរួចមក។

Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge របស់ខ្លួនទទួលក្រុម Everton ក្នុងប្រកួតទី៣១ ជើងទី២ របស់ពួកគេនៅរាត្រីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤ គ្រាដែលគូប្រជែង ស្ករគ្រាប់មាន ២៧ពិន្ទុ នៅក្រៅតំបន់កាត់ចេញពីលីគត្រឹមតែ ២ពិន្ទុផងដែរ៕