(មីឡាន)៖ ក្លិបបាល់ទាត់អាជីពអ៊ីតាលី AC Milan បានកែកុនកីឡដ្ឋាន San Siro របស់ខ្លួន តាមរយៈបន្ថែមកៅអី ដើម្បីឱ្យអ្នកទស្សនាខិតកាន់តែកៀកកីឡាករ ដូចទៅនឹងស្តង់ដារបាល់បោះកម្រិត NBA របស់សហរដ្ឋអាមេរិកដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

AC សង្ឃឹមថា នេះជាការទទួលនូវបទពិសោធន៍ថ្មីមួយ យកស្ទីលតាម NBA ដែលអាចញាំងឱ្យអ្នកគាំទ្រទស្សនាបានកាន់តែកៀកនឹងកីឡាករ និងក្នុងទីលានទៀតផង។

អ្នកគាំទ្រជាច្រើននាក់បានភ្លក្សរសជាតិថ្មីនេះ តាមរយៈបានទស្សនាក្នុងប្រកួតដែល AC Milan បានយកឈ្នះ ១-០ ទៅលើគូប្រជែង Roma ក្នុងក្របខណ្ឌ UEFA Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ។

កន្លងមកក្លិបលេងនៅ Serie A មួយនេះ ក៏ធ្លាប់បានប្រកាសពីការកសាងកីឡដ្ឋានថ្មីដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួនដល់ ៧០,០០០នាក់នៅភាគខាងត្បូងទីក្រុង Milan ដោយមិនបាច់ប្រើប្រាស់រួមគ្នានៅទីលាន San Siro ជាមួយគូប្រជែង Inter Milan ទៀតទេ គិតចាប់តាំងពីឆ្នាំ១៩២៦ មក៕