(ព្រះសីហនុ)៖ កម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia 2024 បានរៀបចំសន្និសីទសារព័ត៌មានលើកដំបូង និងពិធីសូត្រមន្តនៅ Summer Bay Beach Club & Cabins ក្នុងឱកាសនេះ កញ្ញា សុគន្ធា អ៊ីម នាយកថ្នាក់ជាតិ Miss Grand Cambodia តាំងពីឆ្នាំ 2023 មក នាយកប្រតិបត្តិ និងជាស្ថាបនិក HK7 បានអញ្ជើញលោកស្រី Teresa Chaivisu អ្នកជំនួញជនជាតិថៃ ដែលបានបម្រើការជាអនុប្រធានកម្មវិធីប្រកួត Miss Grand International តាំងពីឆ្នាំ 2013 និងកញ្ញា Luciana Fuster មកពីប្រទេសប៉េរូ បេក្ខភាពដែលឈ្នះ Miss Grand International 2023។

កម្មពិធីប្រព្រឹត្តឡើងនាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅ Summer Bay Beach Club & Cabins ខេត្តព្រះសីហនុ។

ក្នុងឱកាសនៃកម្មពិធី កញ្ញា សុគន្ធា អ៊ីម បានថ្លែងអំណគុណទៅដល់ម្ចាស់ឧត្ថម្ភកម្មពិធី ទាំងអស់ដែលបានចូលរួមសហការបង្កើតកម្មពិធីមួយនេះឡើង ប្រកបដោយភាពសប្បាយរីករាយ ហើយជាការបំពាក់ឈៀង នៃកម្មពិធី Miss Grand Cambodia 2024 ជូនបវរកញ្ញារបស់យើងដែលមានបេក្ខភាពរហូតទៅដល់២៨នាក់។ ជាក់ស្តែងបេក្ខភាពទាំងអស់នៅឆ្នាំ២០២៤នេះពិតជាមានភាពស្រស់ស្អាតខ្លាំង បានទាំងកម្ពស់ សម្រស់ ការតុបតែងខ្លួន ទេពកោសល្យមានភាពទាក់ទាញផ្សេងៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ហើយសង្ឃឹមថាកម្មពិធី Miss Grand Cambodia 2024 ខិតខំប្រឹងប្រែងរៀបចំឲ្យបានកាន់តែល្អទៅមុខ។

អ្វីដែលពិសេសសូមអរគុណទៅដល់ Summer Bay Beach Club & Cabins ដែលបានផ្តល់ទីតាំងបង្កើតកម្មពិធីសន្និសីទកាសែត និងការបំពាក់ឆៀង របស់ Miss Grand Cambodia 2024 នេះឡើង ព្រោះជាទីតាំងដែលមានភាពស្រស់ស្អាត ខ្យល់បរិសុទ្ធ ដែលធ្វើឲ្យអង្គពិធីទាំងមូលធ្វើឡើងទៅដោយរលូន និងសប្បាយរីករាយ។

ជាមួយគ្នានេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍គណៈប្រតិភូ Miss Grand Cambodia និងលោកស្រី Teresa នៅ Summer Bay Beach Club & Cabins យើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយ និងអភិវឌ្ឍទីតាំងរបស់យើងជាគោលដៅថ្មីក្នុងខេត្តព្រះសីហនុ ដើម្បីផ្តល់ការកម្សាន្តប្រភេទថ្មីដល់ប្រជាជនកម្ពុជា ភ្ញៀវទេសចរអន្តរជាតិ និង ជនបរទេសដូចជាកម្មវិធី Skyfest លើកទី 2 របស់យើងកាលពី 2 សប្តាហ៍មុន។ Bay of lights ប្រាកដជាក្លាយជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូទេសចរណ៍"។ នេះបើតាមការលើកឡើងរបស់លោក Mario Rodriguez អ្នកគ្រប់គ្រងព្រឹត្តិការណ៍ជាន់ខ្ពស់នៅ Bay of Lights Entertainment។

Miss Grand Cambodia 2024 នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងការប្រកួតឈុតហែលទឹក ដែលជាជំហានបន្ទាប់នៃដំណើរការនៃការប្រកួតបវរកញ្ញានេះ៕