(បរទេស)៖ ខណៈពេលដែល iPhone 16 កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនោះ វត្តមាន iPhone ថ្មីមួយទៀតគឺ iPhone SE ជំនាន់ថ្មី ក៏ត្រួវបានគេបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple ក៏បានត្រៀមយកវាមកបង្ហាញជូនជាផ្លូវការនៅចុងឆ្នាំនេះផងដែរ។

iPhone SE 4 ត្រូវបានគេរំពឹងថានឹងក្លាយជាការអាប់ដេតយ៉ាងខ្លាំងចំពោះ iPhone ដែលមានតម្លៃសមរម្យបំផុតរបស់ក្រុមហ៊ុន Apple ជាមួយនឹងការរចនាថ្មី ថែមទាំងបានបំពាក់នូវរន្ធ USB-C សម្រាប់សាកថ្ម និងមុខងារថ្មីៗជាច្រើនទៀត។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន ៤ដែលត្រូវបានគេរំពឹងថា នឹងមកជាមួយ iPhone SE 4៖
១) ការរចនាថ្មីជាមួយនឹងអេក្រង់ធំជាងមុន
ការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់ iPhone SE 4 គឺការរចនា។ iPhone SE ជំនាន់បច្ចុប្បន្នមានការរចនាបែប iPhone 8 ដែលមានគែមព័ទ្ធជុំវិញអេក្រង់ទំហំ 4.7 អ៊ីញ និងប៊ូតុង Home នៅផ្នែកខាងក្រោម។ ទោះជាយ៉ាងណាក៏ដោយ iPhone SE 4 ត្រូវបានគេរាយការណ៍ថានឹងនាំមកនូវការកែប្រែទំនើបស្រដៀងទៅនឹង iPhone 14 ។

យោងតាមឯកសារ CAD ដែលបានលេចធ្លាយ iPhone SE 4 នឹងមានអេក្រង់ OLED ទំហំ 6.1អ៊ីង ជាមួយនឹងស្នាមរន្ធនៅផ្នែកខាងលើ។ យើងក៏អាចរំពឹងថានឹងមានការរចនាគែមសំប៉ែតថ្មីជំនួសឱ្យគែមរាងមូលនាបច្ចុប្បន្នរបស់ iPhone SE។

២) មុខងារ Face ID
ស្របពេលដែល iPhone SE បច្ចុប្បន្នមានប៊ូតុង Home ជាមួយ Touch ID ដោយឡែក iPhone SE 4 ជំនាន់ក្រោយត្រូវបានគេរាយការណ៍ថា វានឹងមកជាមួយមុខងារ Face ID ។ ការផ្លាស់ប្តូរនេះ ត្រូវបានបន្ថែមពីលើការរចនារូបរាងថ្មីរបស់ iPhone SE 4 ដោយការកាត់បន្ថយស្នាមរន្ធដែលសមាសធាតុ Face ID។

៣) ដំណើរការលឿនជាងមុន
iPhone SE ជំនាន់ទី 3 ដំណើរការដោយបន្ទះឈីប A15 Bionic ដែលផ្តល់នូវដំណើរការល្អ ទោះបីជាឧបករណ៍នេះមានតម្លៃទាបក៏ដោយ។ iPhone SE 4 នឹងប្រសើរឡើងបន្ថែមទៀតលើដំណើរការនេះ។

មិនមានព័ត៌មានដែលបញ្ជាក់ពីប្រភេទនៃបន្ទះឈីប ដែល Apple នឹងត្រួវយកមកបំពាក់ជាមួយ iPhone SE ជំនាន់ថ្មីនោះទេ ប៉ុន្តែប្រភពជាច្រើនបានបង្ហាញនូវសេចក្ដីជឿទុកចិត្តថា Apple នឹងនាំយកវាមកជាមួយនឹងនូវបន្ទះឈីប A17។

៤) រន្ធ USB-C
ទីបំផុត iPhone SE 4 នឹងប្តូរពីរន្ធ Lightning ទៅជា USB-C សម្រាប់ការសាកថ្ម ដែលវាដូចគ្នាទៅនឹងត្រកូល iPhone 15 ចុងក្រោយបង្អស់ ជាពិសេសគឺដើម្បីបំពេញទៅតាមលក្ខខណ្ឌច្បាប់របស់សហភាពអឺរ៉ុប៕