(មេនឆេស្ទើ)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League ផងនោះ បានវិលទៅកាន់ទីកំពូលតារាងជាថ្មី តាមរយៈបំបាក់គូប្រជែង Luton Town ៥-១ នៅរាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយគេហំទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតសម្រាប់សប្តាហ៍ទី៣២ ជើងទី២ Premier League 2023-2024 ក្រុមរបស់លោក Pep Guardiola រកបាន ៧៣ពិន្ទុ នាំមុខក្រុមលេខ២ Arsenal និងលេខ៣ Liverpool ដែលពួកគេមាន ៧១ពិន្ទុ នៅសល់ ១ប្រកួតក្នុងដៃទៀតផង។

កីឡាករ Kovacic, Haaland, Doku និង Gvardiol រួមចំណែករកបានម្នាក់ ១គ្រាប់ចាប់ពីនាទី៦៤ នៅក្រោយពេលខ្សែការពារ Hashioka បានធ្វេសឱ្យចូលទីខ្លួនតាំងពីនាទីទី២ មក ក្នុងកីឡដ្ឋាន Etihad ដ្បិតខ្សែបម្រើ Ross Barkley ជាអ្នករកបានតែ ១គ្រាប់ឱ្យក្រុមភ្ញៀវ Luton Town នៅនាទី៨១ បន្តឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលទៀតជាមួយ ២៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣៣ប្រកួត។

ពួកគេត្រូវប្រជែងយកកៅអី ដើម្បីបន្តលេងក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយទៀត ក្នុងនាមជាក្រុមដែលទើបឡើងមកលេងលីគធំអង់គ្លេសនារដូវកាលនេះ ជាមួយនឹង Burnley ដែលឈរនៅលេខរៀងទី១៩ ក្នុងចំណោម ៥ប្រកួតដែលនៅសល់ ស្របពេល Sheffield United បានហាលអាវមុនគេទៅហើយ ក្រោយរកបានតែ ១៦ពិន្ទុ ក្នុងចំណោម ៣២ប្រកួតរបស់ពួកគេ។

ចំណែកឯមេឃខៀវ Man City បានកំពុងព្យាយាមឈ្នះជើងឯក PL ជាលើកទី៤ ជាប់ៗគិតចាប់តាំងពីឆ្នាំ២០២១ ដែលត្រូវស្វាគមន៍ Real Madrid នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយ សម្រាប់ជើងទី២ វគ្គ ៨ក្រុម UEFA Champions League 2023-2024 មុនពេលប៉ះតោខៀវ Chelsea នៅរាត្រីថ្ងៃសៅរ៍នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ក្នុងការបន្តបេសកកម្មឈ្នះពាន៣ ក្នុង ១រដូវដូចឆ្នាំ២០២៣ ទៀតផង៕