(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Chelsea បានចំណាយលុយទិញ-ដូរកីឡាករអស់ប្រមាណ ៧៤៧លានផោន ដោយពួកគេបានត្រឹមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ តែប៉ុណ្ណោះនារដូវកាលឆ្នាំ២០២២-២០២៣។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយ Companies House ត្រូវបានបានដកស្រង់ចេញផ្សាយរបស់គេហទំព័រកីឡា BBC នៅថ្ងៃនេះ។

វាក៏ជារដូវកាលដំបូង ដែលស្ថិតក្រោមការគ្រប់គ្រងដោយពេញសិទ្ធិពីសំណាក់មហាសេដ្ឋីអាមេរិក លោក Todd Boehly គិតចាប់តាំងពីឆ្នាំ២០២២ មក។

ជាមួយគ្នានោះដែរ ក្លិបមានមូលដ្ឋានស្ថិតនៅភាគខាងលិចទីក្រុង London មួយនេះ ក៏បានបន្ថែមប្រាក់ពលកម្មមានដល់ទៅ ១៨%ផងដែរ ដែលស្មើនឹង ៤០៤លានផោន ក្លាយជាក្រុមទី២ នៅ Premier League ដែលចាយលុយលើប្រាក់ខែកីឡាករច្រើនជាងគេ។

ស្ថិតក្នុងនាមជាម្ចាស់ថ្មីពីសំណាក់លោក Todd Boehly ក្រុមតោខៀវមួយនេះក៏បានបណ្តេញលោក Thomas Tuchel និងលោក Graham Potter ចេញពីតំណែងផងដែរនារដូវកាលមុន នៅពេលតម្លៃខ្លួនកីឡាករសរុបបានកើនដល់ជាង ១ពាន់លានផោនឯណោះ។

គួរបញ្ជាក់ផងថា កីឡាករដែលមានតម្លៃសរុប ៥៩២លានផោននោះ Chelsea លក់បានចេញបានតែ ២០៣លានផោនតែប៉ុណ្ណោះសម្រាប់រដូវកាលមុន ជាមួយនឹងប្រាក់ចំណេញត្រឹមតែ ៦៣លានផោនទៀតផង៕