(ក្រុងម៉ូនិច)៖ តាមរយៈជ័យជម្នះ ២ទល់នឹង០ ទៅលើ FC Cologne របស់ក្រុមការពារតំណែងជើងឯក Bayern Munich បានរារាំង Bayer Leverkusen អបអរជ័យជម្នះពានលីគ Bundesliga មុនបិទរដូវកាល។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករ Guerreiro និង Thomas Muller បានរួមចំណែករកបានម្នាក់ ១គ្រាប់នៅនាទី៦៥ និងនាទី៩០+៣ ក្នុងកីឡដ្ឋាន Allianz Arena ប្រចាំសប្តាហ៍ទី២៩ ជើងទី២ នៅ Bundesliga របស់ពួកគេ ក្នុងការរកបាន ៦៣ពិន្ទុបន្ថយគំលាតពីក្រុមកំពូលតារាង Leverkusen មកនៅ ១៣ពិន្ទុវិញ ខណៈពួកគេនៅសល់ ១ប្រកួតដែលត្រូវប៉ះក្រុមភ្ញៀវ Werder Bremen នៅរាត្រីថ្ងៃអាទិត្យនេះដែរ។

ក្រុមខ្លារខិន Bayern Munich បានគ្រប់គ្រងតំណែងជើងឯកលីគចំនួន ១១រដូវកាលជាប់ៗគ្នាមកហើយតពី Borussia Dortmund ដែលឈ្នះចុងក្រោយក្នុងឆ្នាំ២០១១-២០១២ ដែលលេងបាន ២៩ប្រកួតក្នុងលីគរបស់ពួកគេនៅរដូវកាលឆ្នាំ២០២៣-២០២៤ ឈរនៅលេខ២ ដ្បិតគូប្រជែង Cologne កំពុងប្រឈមទៅនឹងការកាត់ចេញពីលីគ ដោយទើបរកបាន ២២ពិន្ទុ ក្រោយឆ្លងកាត់ ២៩ប្រកួតដូចគ្នា មុនពេលលេង ៥ប្រកួតទៀត ដើម្បីបិទរដូវកាល នៅពេល Leverkusen នៅតែរក្សាស្ថិតិលេងមិនចាញ់ដដែល ដោយឈ្នះ២៤ និងស្មើ ៤លើក។

Leverkusen នឹងបង្កើតកំណត់ត្រាលេងមិនចាញ់កើនដល់ ២៩ប្រកួតក្នុងលីគ ប្រសិនបើបន្តធ្វើបានល្អទល់នឹង Bremen រាត្រីនេះទៀត និងប្រកាសជ័យជម្នះលើកពាន Bundesliga រដូវកាលនេះតែម្តង ប្រសិនបើយកបាន ៣ពិន្ទុក្នុងដី៕