(បរទេស)៖ តម្លៃភាគហ៊ុនរបស់ផលិតបន្ទះឈីបអាមេរិក Advanced Micro Devices (AMD) និង Intelធ្លាក់ចុះកាលពីថ្ងៃ សុក្រ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសចិនកំពុងបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ ធំ បំផុត របស់ប្រទេសខ្លួន បញ្ឈប់ការប្រើប្រាស់បន្ទះឈីបបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

កាសែតខាងលើបានរាយការណ៍ថា មន្ត្រីចិនបានចេញសេចក្តីណែនាំកាលពីដើមឆ្នាំនេះ សម្រាប់ប្រព័ន្ធទូរគមនាគមន៍ត្រូវជំនួសប្រព័ន្ធដំណើរការស្នូលដែលមិនមែនជារបស់ចិនឱ្យបានលឿនបំផុតនៅមុនឆ្នាំ២០២៧។ វាមានន័យថា ក្រុមហ៊ុនទូរគមនាគមន៍ចិនទាំងអស់នឹងត្រូវឈប់ប្រើប្រាស់បន្ទះឈីប ព្រមទាំងបច្ចេកវិទ្យាផ្សេងៗដែលមិនមែនជារបស់ក្រុមហ៊ុនចិន ពោលគឺវាស្រដៀងគ្នាទៅនឹងអាមេរិក ដែលបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្លួនបញ្ឈប់ការប្រើប្រាស់គ្រឿងបរិក្ខារបស់ទូរគមនាគមន៍របស់ក្រុមហ៊ុនចិន ជាពិសេសគឺ Huawei និង ZTE ជាដើម ក្រោមហេតុផលសុវត្ថិភាព សន្តិសុខជាតិ។

ប្រទេសចិនមានចំណែករហូតដល់ ២៧ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Intel កាលពីឆ្នាំ២០២៣ ដែលវាបានក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ ចំណែក AMD វិញ រកប្រាក់ចំណូលបានពីការលក់ពីប្រទេសចិនរហូតដល់ ១៥ភាគរយនៃប្រាក់ចំណូលសរុប។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានពឹកផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារប្រទេសចិន ដើម្បីបន្តចរន្តសេដ្ឋកិច្ច បើទោះបីជាបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកមានគោលបំណងទប់ស្កាត់ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន បូករួមទាំងប្រទេសចិនខ្លួនឯងក៏កំពុងតែកាត់បន្ថយការប្រើប្រាស់ និងពឹងផ្អែកតិចតូចបំផុតលើបច្ចេកវិទ្យា និងបន្ទះឈីបរបស់ក្រុមហ៊ុនបរទេស។

ប្រទេសចិនបានកំណត់គោលការណ៍ណែនាំថ្មីនៅក្នុងខែធ្នូ ដើម្បីដកបន្ទះឈីបរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកចេញពីកុំព្យូទ័រ និងម៉ាស៊ីនមេ ដែលប្រើប្រាស់សម្រាប់របស់រដ្ឋាភិបាល ដែលវាជាសកម្មភាពមួយក្នុងការរារាំងការបន្តប្រើប្រាស់បន្ទះឈីបរបស់ AMD និង Intel។ នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីខែមុន។

កាលពីខែតុលា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានបង្កើតច្បាប់ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិន ចំពោះបន្ទះឈីបរបស់អាមេរិក ជាពិសេសគឺមានសារៈសំខាន់ចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កាលពីចុងឆ្នាំមុន សហរដ្ឋអាមេរិកបានប្រកាសដាក់កំហិតថ្មីដើម្បីការពារការលក់បន្ទះឈីប AI បន្ថែមទៀតទៅកាន់ប្រទេសចិន ដោយស្វែងរកការបិទចន្លោះប្រហោង និងព្យាយាមកាត់ផ្ដាច់ទំនាក់ទំនងបន្ទះឈីបរបស់ចិន-អាមេរិក។

Bloomberg បានរាយការណ៍កាលពីខែមុនថា AMD បានបរាជ័យក្នុងការទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិកសម្រាប់បន្ទះឈីប AI ដែលវាត្រូវបានរចនាឡើងសម្រាប់ប្រទេសចិន ហើយនឹងត្រូវស្នើសុំអាជ្ញាប័ណ្ណនាំចេញ។

ក្រុមហ៊ុន Intel ត្រូវបានគេរាយការណ៍ថា បានរួចផុតពីការជំរុញដោយ AMD ដើម្បីបញ្ចប់ការលក់បន្ទះឈីបកុំព្យូទ័រយួរដៃដែលមានតម្លៃរាប់រយលានដុល្លាររបស់ខ្លួនទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក៕