(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool បានលេងចាញ់នៅប្រកួតទី៣២ ដូចគ្នា នៅការព្យាយាមប្រជែងពានរង្វាន់លីគបាល់ទាត់អង់គ្លេស Premier League 2023-24 បានក្លាយជាឱកាសរបស់ក្លិប Manchester City ជាមួយក្តីសង្ឃឹមឈានទៅលើកពានរដូវកាលនេះទៀត ក្នុងការឡើងទៅនាំមុខ ៧៣ពិន្ទុឈរកំពូលតារាង ដែលនៅសល់តែ ៦ប្រកួតទៀតត្រូវបញ្ចប់។

Arsenal ស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta បានស្គាល់ការលេងចាញ់លើកទី៥ ក្នុងលីគរដូវកាលនេះ នៅប្រកួតប៉ះ Aston Villa សប្តាហ៍ទី៣២ លទ្ធផល ២-០ ក្លាយជាខកចិត្តយ៉ាងខ្លាំងនៅការព្យាយាមដណ្តើមពានលីគរដូវកាលនេះរដូវកាលនេះរបស់ពួកគេ ដែលបន្តមាន ៧១ពិន្ទុស្មើជាមួយ Liverpool ដែលលេងចាញ់ Crystal Palace ១-០ ។

សូមជម្រាបថា ពេលនេះការប្រកួតប្រជែងដណ្តើមពានលីគអង់គ្លេសរដូវកាលនេះ ក្រុមការពារជើងឯករដូវកាលមុន Man City ឡើងនាំមុខ ២ពិន្ទុ ពីក្រុម Arsenal និង Liverpool ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែមានភាពតានតឹងនៅរយៈពេលចុងបញ្ចប់រដូវកាលនេះ ដែលនៅសល់ ៦ប្រកួតប៉ុណ្ណោះ ដែលនឹងអាចក្លាយជាការឈ្នះពានលីគ ៤លើកជាប់ៗគ្នារបស់ Man City បើសិនជាពួកគេធ្វើបានល្អនៅគ្រប់ប្រកួតដែលនៅសល់ខាងមុខ។

បញ្ជាក់ផងថា តាមរយៈជ័យជម្នះនេះធ្វើឱ្យក្រុម Aston Villa ដឹកនាំដោយលោក Unai Emery បានឡើងទៅឈរលេខ៤ រកបាន ៦៣ពិន្ទុជាបណ្តោះអាសន្ន ពីការឆ្លងកាត់ ៣៣ប្រកួតរបស់ពួកគេ ដែលតាមពីក្រោយដោយក្រុម Tottenham Hotspur ឈរលេខ៥ រកបាន ៦០ពិន្ទុ ជាមួយឱកាសប្រជែងសិទ្ធលេងពាន UEFA Champion League រដូវកាលក្រោយផងដែរ៕