(បរទេស)៖ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រដ្ឋបាលរបស់លោក Biden នឹងផ្ដល់ប្រាក់ប្រមាណជា ៦,៤ពាន់លានដុល្លារអាមេរិកជាជំនួយដល់ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ដើម្បីពង្រីកការផលិតបន្ទះឈីបរបស់ខ្លួននៅក្នុងតំបន់តិចសាស់ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញការផលិតបន្ទះឈីបនៅក្នុងស្រុក។

យោតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនទឹកប្រាក់ខាងលើនេះ នឹងទទួលបានតាមរយៈមូលនិធិ 2022 Chips and Science Act ហើយនឹងយកទៅគាំទ្ររោងចក្រផលិតបន្ទះឈីបចំនួនពីរកន្លែង, មជ្ឍមណ្ឌលស្រាវជ្រាវមួយកន្លែង និងរោងចក្រវេចខ្ចប់មួយកន្លែង នៅក្នុងទីក្រុង Taylor រដ្ឋតិចសាស់។

ប្រភពខាងលើបានបន្ថែមទៀតថា កញ្ចប់ទឹកប្រាក់មូលនិធិនេះក៏នឹងអនុញ្ញាតឱ្យ Samsung ធ្វើការពង្រីករោងចក្រផលិតនូវផលិតផលពាក់កណ្ដាលសម្រេចរបស់ខ្លួននៅក្នុងទីក្រុង Austin រដ្ឋតិចសាស់ផងដែរ ហើយបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងបន្ថែមទៀតថា គម្រោងនេះនឹងផ្ដោតសំខាន់លើការផលិតបន្ទះឈីបសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម អវកាស ការពារជាតិ រថយន្ត និងសម្រាប់ពង្រឹងសន្តិសុខជាតិ។

លេខាធិការក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបញ្ជាក់ថា «(ការវិនិយោគទាំងនេះ) នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដឹកនាំពិភពលោកម្តងទៀត មិនត្រឹមតែនៅក្នុងការរចនាផលិតផលពាក់ណ្ដាលសម្រេច ដែលជាកន្លែងដែលយើងនាំមុខគេនោះទេ ប៉ុន្តែថែមទាំងនៅក្នុងការផលិត ការវេចខ្ចប់កម្រិតខ្ពស់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផងដែរ»

លោក Kyung Kye Hyun សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បាននិយាយថា «ដើម្បីបំពេញតម្រូវការកើនឡើង ដែលរំពឹងទុកពីអតិថិជនសហរដ្ឋអាមេរិក សម្រាប់ផលិតផលនាពេលអនាគត ដូចជាបន្ទះឈីប AI យើងនឹងត្រូវបានបំពាក់សម្រាប់បច្ចេកវិទ្យាដំណើរការដ៏ទំនើប និងជួយនាំមកនូវសុវត្ថិភាពដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលពាក់កណ្ដាលសម្រេចរបស់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ផងដែរថា Samsung ជាក្រុមហ៊ុនធំទី៣ហើយ ដែលទទួលបានកញ្ចប់មូលនិធិ Chips Act របស់អាមេរិក ដែលគម្រោងនេះត្រូវបានអាមេរិកបង្កើតឡើងក្នុងការកាត់បន្ថយការពឹងផ្នែកលើប្រទេសចិន និងកោះតៃវ៉ាន់៕