(អង់គ្លេស)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Cole Palmer នៅពេលនេះបានកើនគ្រាប់ស៊ុតបញ្ចូលទីដល់ ២០គ្រាប់ហើយក្នុងលីគរដូវកាលនេះ បន្ទាប់ពីស៊ុតបាន ៤គ្រាប់ នឹងមានការប្រើពេលតែ ២៩នាទីក្នុងស៊ុតបាល់ Hat-Trick ៣គ្រាប់ម្នាក់ឯង ក្នុងជំនួបជួយក្រុម Chelsea យកឈ្នះក្រុម Everton លទ្ធផល ៦-០ ប្រចាំលីគអង់គ្លេស Premier League។

តាមរយៈការស៊ុតបាន ៤គ្រាប់នេះដែរ Palmer ក៏បានតាមស្មើ ២០គ្រាប់ជាមួយ Erling Haaland ក្នុងការប្រជែងគ្នាដណ្តើមពានស្បែកជើងមាស (Golden Boot) ប្រចាំរដូវកាល ហើយរូបគេ ក៏បានក្លាយជាកីឡាករទី៤ ដែលស៊ុតបញ្ចូលទីបាន ៤គ្រាប់ម្នាក់ឯងជាមួយ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់ពីអតីតលោក Frank Lampard (ធ្វើបាន ២ដង) និងលោក Jimmy Floyd Hasselbaink និង Gianluca Vialli។

Palmer ក៏ជាកីឡាករដំបូងនៅលីគ Premier League ដែលស៊ុតបាន ៣គ្រាប់ក្នុងប្រកួតតងទី១ ដែលធ្វើបាននៅនាទី១៣, ១៨ និងនាទី២៩ ដោយក្នុងចំណោម ៣គ្រាប់នេះ ក៏មាន ២គ្រាប់ធ្វើបានពីការបង្កើនឱកាសស៊ុតដោយខ្លួនឯង និងគ្រាប៊ទី៤ ធ្វើបានដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៦៤។

Palmer ក៏ជាកីឡាករទី២ ដែលស៊ុតបាន Hat-trick ក្នុងការបង្ហាញខ្លួននៅ Premier League លេងក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីអតីតខ្សែប្រយុទ្ធឆ្នើម Didier Drogba ធ្លាប់ធ្វើបានក្នុងខែឧសភា និងខែសីហា កាលឆ្នាំ ២០១០។

សូមជម្រាបថា ពេលនេះក្រុម Chelsea រកបាន ៤៧ពិន្ទុឈរលេខរៀងទី៩ ក្រោយឆ្លងកាត់ ៣១ប្រកួត ខណៈក្រុម Everton ឈរលេខ១៦ នៅមាន ២៧ពិន្ទុក្រោយការលេងបាន ៣២ប្រកួតបណ្តោះអាសន្ន៕