(បាសេឡូណា)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal យកបានជ័យជម្នះនៅថ្ងៃបើកឆាកពានរង្វាន់ Barcelona Open 2024 របស់អេស្ប៉ាញនាយប់មិញនេះ ក្រោយជាសះស្បើយពីរបួសដែលអូសបន្លាយពេលយូររួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅចាំបានថា កីឡាករជើងចាស់អេស្ប៉ាញរូបនេះ ទើបតែលេងបាន ៤ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ១៥ខែមកនេះ ដោយសារតែរបួសត្រគាកធ្ងន់ធ្ងររបស់លោកមានបញ្ហាកាលលេងនៅប្រទេសអូស្រ្តាលីមក។

នេះអាចជាឆ្នាំចុងក្រោយសម្រាប់ Nadal អតីតជើងឯកកម្រិតពិភពលោក ២២សម័យកាល មុនពេលប្រកាលឈប់លេង Tennis ដែលនឹងឈានចូលវ័យ ៣៨ឆ្នាំផងដែរនាខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

រូបគេបានយកឈ្នះកីឡាករអ៊ីតាលី Flavio Cobolli ក្នុងលទ្ធផល ២ទល់នឹង០ ដោយមានលំដាប់ពិន្ទុ ៦-២ និង ៦-៣ នៃជុំទី១ Barcelona Open 2024 កាលពីរាត្រីថ្ងៃអង្គារ ទី១៦ ខែមេសា។

Nadal ដែលឈរនៅលេខរៀងទី៦៤៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ននេះ ទើបតែបានលេង ១ប្រកួតដំបូង គិតចាប់តាំងពីខែមករា ឆ្នាំ២០២៤ ក៏ព្រោះរបួសត្រគាករើឡើងវិញ និងមានបញ្ហាក្បាលពោះផងនោះ។ ជើងខ្លាំងលើទីលានដីឥដ្ឋរូបនេះធ្លាប់បានប្រកាសថា ឆ្នាំ២០២៤ គឺជាឆ្នាំចុងក្រោយ ក្នុងការលេងតេន្នីសជាលក្ខណៈអាជីពរបស់គេ ដែលត្រៀមលេងពាន French Open របស់បារាំងនាខែក្រោយនៅទីលាន Roland Garros ផងដែរ៕